១ សាំយូ‌អែល 2:21-36 Khmer Standard Version (KHSV)

21. ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​នាង​ហាណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សម្រាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

22. លោក​អេលី​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ លោក​ឮ​គេ​និយាយ​ពី​អំពើ​ផ្សេងៗ​ដែល​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ជា​ពិសេស លោក​ឮ​ថា កូន​របស់​លោក​តែងតែ​ដេក​ជា​មួយ​ស្រីៗ​ដែល​ធ្វើ​ការ​នៅ​មាត់​ទ្វារ​ព្រះ‌ពន្លា។

23. លោក​អេលី​ក៏​ពោល​ទៅ​កូនៗ​របស់​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​អំពើ​អាក្រក់​របស់​កូន​គ្រប់ៗ​គ្នា។

24. កូន​អើយ មិន​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​កូន​នោះ អាក្រក់​ហួស​ហេតុ​ណាស់!

25. ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត ព្រះ‌ជាម្ចាស់​នឹង​រក​ខុស​ត្រូវ​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ព្រះ‌អម្ចាស់ តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ?»។ កូនៗ​លោក​អេលី​ពុំ​ព្រម​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។

26. រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស‌ម្នា​ទាំង‌ឡាយ។

27. មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​បាន​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:“កាល​បុព្វបុរស​របស់​អ្នក​ស្ថិត​នៅ​ស្រុក​អេស៊ីប ជា​ទាសករ​របស់​ស្ដេច​ផារ៉ោន យើង​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​យើង។

28. យើង​ជ្រើស​រើស​អើរ៉ុន ជា​បុព្វបុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ ដើម្បី​ឡើង​ទៅ​អាសនៈ​ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ* បម្រើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ដុត​ជា​តង្វាយ​ដល់​យើង ឲ្យ​ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។

29. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ ដែល​យើង​បង្គាប់​ឲ្យ​ប្រជា‌ជន​យក​មក​ថ្វាយ នៅ​ក្នុង​ដំណាក់​របស់​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​លើក​តម្កើង​កូន​របស់​អ្នក​ជាង​យើង ដោយ​បណ្ដោយ​ឲ្យ​កូន​យក​ចំណែក​តង្វាយ​ល្អៗ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង យក​ទៅ​បំប៉ន​ខ្លួន​ឯង​ដូច្នេះ?”

30. ហេតុ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រិក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្ដល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល‌ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!

31. ទៅ​អនាគត យើង​នឹង​ធ្វើ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក បាក់​កម្លាំង ហើយ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។

32. អ្នក​នឹង​ឃើញ​គូ‌វិវាទ​របស់​អ្នក ស្ថិត​នៅ​ក្នុង​ដំណាក់​របស់​យើង។ ប្រជា‌ជន​អ៊ីស្រា‌អែល​នឹង​ទទួល​សេចក្ដី​សុខ​ចម្រើន ដោយ‌សារ​អ្នក​នោះ រីឯ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក​វិញ គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។

33. ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​នឹង​ទុក​ឲ្យ​មាន​មនុស្ស​ម្នាក់​ក្នុង​ពូជ‌ពង្ស​របស់​អ្នក បំពេញ​មុខ‌ងារ​នៅ​ជិត​អាសនៈ​របស់​យើង ដើម្បី​ឲ្យ​អ្នក​ឈឺ​ចិត្ត និង​បាត់​បង់​សេចក្ដី​សង្ឃឹម។ រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ នឹង​ត្រូវ​ស្លាប់ ក្នុង​ពេល​កំពុង​តែ​ពេញ​វ័យ។

34. អ្នក​នឹង​ឃើញ​ការ​ដែល​កើត​មាន​ចំពោះ​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក គឺ​ហូប‌នី និង​ភីនេ‌ហាស ទុក​ជា​ទី​សម្គាល់។ ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ។

35. បន្ទាប់​មក យើង​ជ្រើស​រើស​យក​បូជា‌ចារ្យ​មួយ​រូប ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត និង​តាម​គោល​គំនិត​របស់​យើង។ យើង​នឹង​ឲ្យ​គេ​មាន​ពូជ‌ពង្ស​មួយ​ដែល​មាន​ស្ថិរ‌ភាព គេ​នឹង​បម្រើ​ស្ដេច​ដែល​យើង​ចាក់​ប្រេង​អភិសេក​ជា​រៀង​រហូត។

36. ពេល​នោះ ពូជ‌ពង្ស​របស់​អ្នក​ដែល​នៅ​សេស‌សល់ នឹង​មក​ក្រាប​សំពះ​អ្នក​នោះ ដើម្បី​សុំ​ប្រាក់ និង​សុំ​អាហារ​ទាំង​អង្វរ​ថា “សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ នៅ​បំពេញ​ការ‌ងារ​ជា​បូជា‌ចារ្យ​ជា​មួយ​លោក ដើម្បី​ឲ្យ​ខ្ញុំ​ប្របាទ​មាន​អាហារ​ខ្លះ​សម្រាប់​បរិភោគ​ផង”»។

១ សាំយូ‌អែល 2