15. ជួនកាលមុនពេលគេដុតខ្លាញ់ អ្នកបម្រើរបស់បូជាចារ្យមកនិយាយនឹងអ្នកដែលថ្វាយយញ្ញបូជាថា៖ «ចូរប្រគល់សាច់ដែលត្រូវអាំងនេះជូនលោកបូជាចារ្យទៅ ដ្បិតលោកមិនទទួលសាច់ឆ្អិនពីអ្នកទេ គឺលោកទទួលតែសាច់ឆៅប៉ុណ្ណោះ»។
16. ប្រសិនបើអ្នកនោះឆ្លើយថា «ត្រូវដុតខ្លាញ់ជាមុនសិន រួចសឹមអ្នកយកតាមចិត្តចុះ!» នោះអ្នកបម្រើពោលឡើងថា «ទេ! ត្រូវឲ្យខ្ញុំឥឡូវនេះមក បើមិនដូច្នោះទេ ខ្ញុំនឹងយកដោយប្រើកម្លាំងបាយ!»។
17. អំពើបាបដែលកូនប្រុសរបស់លោកអេលីប្រព្រឹត្តនោះ ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ខ្លាំងណាស់ ដ្បិតពួកគេប្រមាថមើលងាយតង្វាយរបស់ព្រះអង្គ។
18. កុមារសាំយូអែលបំពេញការងារនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គាត់ពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក។
19. រៀងរាល់ឆ្នាំ ម្ដាយតែងតែដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្ដី ដើម្បីថ្វាយយញ្ញបូជាប្រចាំឆ្នាំ។
20. លោកអេលីជូនពរលោកអែលកាណា និងនាងហាណាថា៖ «សូមព្រះអម្ចាស់ប្រោសប្រទានឲ្យអ្នកមានកូនផ្សេងទៀត ជាមួយស្ត្រីនេះ ជំនួសកូនដែលនាងបានថ្វាយទៅព្រះអម្ចាស់!»។ បន្ទាប់មក ពួកគេវិលត្រឡប់ទៅផ្ទះវិញ។