13. ទោះបីអ្នកទាំងនោះមានមុខងារជាបូជាចារ្យក្ដី គេប្រព្រឹត្តចំពោះប្រជាជន ដូចតទៅ: កាលណាមានគេយកយញ្ញបូជាមកថ្វាយព្រះអម្ចាស់ អ្នកបម្រើរបស់បូជាចារ្យក៏ចូលមកចំពេលដែលគេចំអិនសាច់ ទាំងកាន់សមមុខបីមកជាមួយផង។
14. អ្នកបម្រើនោះយកសមចាក់សាច់ដែលគេស្ងោរ នៅក្នុងខ្ទះ ក្នុងឆ្នាំង ឬក្នុងថ្លាង ហើយសាច់ទាំងប៉ុន្មានដែលនៅជាប់នឹងសមនោះ បូជាចារ្យប្រមូលយកទាំងអស់។ ពួកគេតែងតែប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមកថ្វាយយញ្ញបូជានៅស៊ីឡូ។
15. ជួនកាលមុនពេលគេដុតខ្លាញ់ អ្នកបម្រើរបស់បូជាចារ្យមកនិយាយនឹងអ្នកដែលថ្វាយយញ្ញបូជាថា៖ «ចូរប្រគល់សាច់ដែលត្រូវអាំងនេះជូនលោកបូជាចារ្យទៅ ដ្បិតលោកមិនទទួលសាច់ឆ្អិនពីអ្នកទេ គឺលោកទទួលតែសាច់ឆៅប៉ុណ្ណោះ»។
16. ប្រសិនបើអ្នកនោះឆ្លើយថា «ត្រូវដុតខ្លាញ់ជាមុនសិន រួចសឹមអ្នកយកតាមចិត្តចុះ!» នោះអ្នកបម្រើពោលឡើងថា «ទេ! ត្រូវឲ្យខ្ញុំឥឡូវនេះមក បើមិនដូច្នោះទេ ខ្ញុំនឹងយកដោយប្រើកម្លាំងបាយ!»។
17. អំពើបាបដែលកូនប្រុសរបស់លោកអេលីប្រព្រឹត្តនោះ ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ខ្លាំងណាស់ ដ្បិតពួកគេប្រមាថមើលងាយតង្វាយរបស់ព្រះអង្គ។
18. កុមារសាំយូអែលបំពេញការងារនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គាត់ពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក។
19. រៀងរាល់ឆ្នាំ ម្ដាយតែងតែដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្ដី ដើម្បីថ្វាយយញ្ញបូជាប្រចាំឆ្នាំ។
20. លោកអេលីជូនពរលោកអែលកាណា និងនាងហាណាថា៖ «សូមព្រះអម្ចាស់ប្រោសប្រទានឲ្យអ្នកមានកូនផ្សេងទៀត ជាមួយស្ត្រីនេះ ជំនួសកូនដែលនាងបានថ្វាយទៅព្រះអម្ចាស់!»។ បន្ទាប់មក ពួកគេវិលត្រឡប់ទៅផ្ទះវិញ។
21. ព្រះអម្ចាស់ប្រោសប្រណីដល់នាងហាណា នាងក៏មានផ្ទៃពោះជាបន្តបន្ទាប់ ហើយសម្រាលបានកូនប្រុសបីនាក់ និងស្រីពីរនាក់។ រីឯកុមារសាំយូអែលមានវ័យចម្រើនធំឡើងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
22. លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ លោកឮគេនិយាយពីអំពើផ្សេងៗដែលកូនប្រុសទាំងពីររបស់លោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលទាំងមូល ជាពិសេស លោកឮថា កូនរបស់លោកតែងតែដេកជាមួយស្រីៗដែលធ្វើការនៅមាត់ទ្វារព្រះពន្លា។
23. លោកអេលីក៏ពោលទៅកូនៗរបស់លោកថា៖ «ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ពុកបានឮប្រជាជននិយាយពីអំពើអាក្រក់របស់កូនគ្រប់ៗគ្នា។
24. កូនអើយ មិនត្រូវធ្វើបែបនេះឡើយ អ្វីៗទាំងប៉ុន្មានដែលពុកបានឮប្រជាជននិយាយពីកូននោះ អាក្រក់ហួសហេតុណាស់!
25. ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទៅលើម្នាក់ទៀត ព្រះជាម្ចាស់នឹងរកខុសត្រូវឲ្យ ផ្ទុយទៅវិញ ប្រសិនបើគេប្រព្រឹត្តអំពើបាបទៅលើព្រះអម្ចាស់ តើនឹងមាននរណារកខុសត្រូវឲ្យ?»។ កូនៗលោកអេលីពុំព្រមស្ដាប់តាមពាក្យទូន្មានរបស់ឪពុកឡើយ ដ្បិតព្រះអម្ចាស់បានសម្រេចប្រហារជីវិតពួកគេចោល។
26. រីឯកុមារសាំយូអែលមានវ័យចម្រើនធំឡើង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ និងជាទីពេញចិត្តរបស់មនុស្សម្នាទាំងឡាយ។