10. អស់អ្នកដែលប្រឆាំងនឹងព្រះអម្ចាស់មុខជាត្រូវអន្តរាយព្រះអង្គធ្វើឲ្យមានរន្ទះពីលើមេឃបាញ់ចំពួកគេ។ ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសផែនដីទាំងមូលព្រះអង្គប្រទានឫទ្ធានុភាពដល់ស្ដេចដែលព្រះអង្គតែងតាំងព្រមទាំងប្រទានព្រះចេស្ដាដល់ព្រះមហាក្សត្រដែលព្រះអង្គបានចាក់ប្រេងអភិសេក»។
11. បន្ទាប់មក លោកអែលកាណាក៏វិលទៅផ្ទះរបស់គាត់នៅភូមិរ៉ាម៉ាវិញ រីឯកុមារសាំយូអែលនៅបម្រើព្រះអម្ចាស់ ជាមួយលោកបូជាចារ្យអេលី។
12. កូនប្រុសរបស់លោកអេលីជាមនុស្សពាល ពួកគេមិនស្គាល់ព្រះអម្ចាស់ទេ។
13. ទោះបីអ្នកទាំងនោះមានមុខងារជាបូជាចារ្យក្ដី គេប្រព្រឹត្តចំពោះប្រជាជន ដូចតទៅ: កាលណាមានគេយកយញ្ញបូជាមកថ្វាយព្រះអម្ចាស់ អ្នកបម្រើរបស់បូជាចារ្យក៏ចូលមកចំពេលដែលគេចំអិនសាច់ ទាំងកាន់សមមុខបីមកជាមួយផង។
14. អ្នកបម្រើនោះយកសមចាក់សាច់ដែលគេស្ងោរ នៅក្នុងខ្ទះ ក្នុងឆ្នាំង ឬក្នុងថ្លាង ហើយសាច់ទាំងប៉ុន្មានដែលនៅជាប់នឹងសមនោះ បូជាចារ្យប្រមូលយកទាំងអស់។ ពួកគេតែងតែប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមកថ្វាយយញ្ញបូជានៅស៊ីឡូ។
15. ជួនកាលមុនពេលគេដុតខ្លាញ់ អ្នកបម្រើរបស់បូជាចារ្យមកនិយាយនឹងអ្នកដែលថ្វាយយញ្ញបូជាថា៖ «ចូរប្រគល់សាច់ដែលត្រូវអាំងនេះជូនលោកបូជាចារ្យទៅ ដ្បិតលោកមិនទទួលសាច់ឆ្អិនពីអ្នកទេ គឺលោកទទួលតែសាច់ឆៅប៉ុណ្ណោះ»។
16. ប្រសិនបើអ្នកនោះឆ្លើយថា «ត្រូវដុតខ្លាញ់ជាមុនសិន រួចសឹមអ្នកយកតាមចិត្តចុះ!» នោះអ្នកបម្រើពោលឡើងថា «ទេ! ត្រូវឲ្យខ្ញុំឥឡូវនេះមក បើមិនដូច្នោះទេ ខ្ញុំនឹងយកដោយប្រើកម្លាំងបាយ!»។
17. អំពើបាបដែលកូនប្រុសរបស់លោកអេលីប្រព្រឹត្តនោះ ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ខ្លាំងណាស់ ដ្បិតពួកគេប្រមាថមើលងាយតង្វាយរបស់ព្រះអង្គ។
18. កុមារសាំយូអែលបំពេញការងារនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គាត់ពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក។
19. រៀងរាល់ឆ្នាំ ម្ដាយតែងតែដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្ដី ដើម្បីថ្វាយយញ្ញបូជាប្រចាំឆ្នាំ។
20. លោកអេលីជូនពរលោកអែលកាណា និងនាងហាណាថា៖ «សូមព្រះអម្ចាស់ប្រោសប្រទានឲ្យអ្នកមានកូនផ្សេងទៀត ជាមួយស្ត្រីនេះ ជំនួសកូនដែលនាងបានថ្វាយទៅព្រះអម្ចាស់!»។ បន្ទាប់មក ពួកគេវិលត្រឡប់ទៅផ្ទះវិញ។
21. ព្រះអម្ចាស់ប្រោសប្រណីដល់នាងហាណា នាងក៏មានផ្ទៃពោះជាបន្តបន្ទាប់ ហើយសម្រាលបានកូនប្រុសបីនាក់ និងស្រីពីរនាក់។ រីឯកុមារសាំយូអែលមានវ័យចម្រើនធំឡើងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
22. លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ លោកឮគេនិយាយពីអំពើផ្សេងៗដែលកូនប្រុសទាំងពីររបស់លោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលទាំងមូល ជាពិសេស លោកឮថា កូនរបស់លោកតែងតែដេកជាមួយស្រីៗដែលធ្វើការនៅមាត់ទ្វារព្រះពន្លា។
23. លោកអេលីក៏ពោលទៅកូនៗរបស់លោកថា៖ «ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ពុកបានឮប្រជាជននិយាយពីអំពើអាក្រក់របស់កូនគ្រប់ៗគ្នា។
24. កូនអើយ មិនត្រូវធ្វើបែបនេះឡើយ អ្វីៗទាំងប៉ុន្មានដែលពុកបានឮប្រជាជននិយាយពីកូននោះ អាក្រក់ហួសហេតុណាស់!
25. ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទៅលើម្នាក់ទៀត ព្រះជាម្ចាស់នឹងរកខុសត្រូវឲ្យ ផ្ទុយទៅវិញ ប្រសិនបើគេប្រព្រឹត្តអំពើបាបទៅលើព្រះអម្ចាស់ តើនឹងមាននរណារកខុសត្រូវឲ្យ?»។ កូនៗលោកអេលីពុំព្រមស្ដាប់តាមពាក្យទូន្មានរបស់ឪពុកឡើយ ដ្បិតព្រះអម្ចាស់បានសម្រេចប្រហារជីវិតពួកគេចោល។
26. រីឯកុមារសាំយូអែលមានវ័យចម្រើនធំឡើង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ និងជាទីពេញចិត្តរបស់មនុស្សម្នាទាំងឡាយ។
27. មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់បានមកជួបលោកអេលី ពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:“កាលបុព្វបុរសរបស់អ្នកស្ថិតនៅស្រុកអេស៊ីប ជាទាសកររបស់ស្ដេចផារ៉ោន យើងបានសម្តែងឲ្យគេស្គាល់យើង។
28. យើងជ្រើសរើសអើរ៉ុន ជាបុព្វបុរសរបស់អ្នក ពីក្នុងចំណោមកុលសម្ព័ន្ធទាំងអស់របស់ប្រជាជនអ៊ីស្រាអែល ឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីឡើងទៅអាសនៈដុតគ្រឿងក្រអូប និងពាក់អាវអេផូដ* បម្រើយើង។ យើងបានចែកសាច់ដែលជនជាតិអ៊ីស្រាអែលយកមកដុតជាតង្វាយដល់យើង ឲ្យពូជពង្សនៃបុព្វបុរសរបស់អ្នករាល់គ្នា។
29. ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីយញ្ញបូជា និងតង្វាយ ដែលយើងបង្គាប់ឲ្យប្រជាជនយកមកថ្វាយ នៅក្នុងដំណាក់របស់យើង? ហេតុអ្វីបានជាអ្នកលើកតម្កើងកូនរបស់អ្នកជាងយើង ដោយបណ្ដោយឲ្យកូនយកចំណែកតង្វាយល្អៗរបស់ជនជាតិអ៊ីស្រាអែល ជាប្រជាជនរបស់យើង យកទៅបំប៉នខ្លួនឯងដូច្នេះ?”
30. ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារិកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្ដល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!