1. ពេលនោះ នាងហាណាអធិស្ឋានដូចតទៅ៖«ព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំមានចិត្តត្រេកអរសប្បាយយ៉ាងខ្លាំង ព្រះអម្ចាស់លើកខ្ញុំឡើងឲ្យបានខ្ពស់មុខខ្ញុំអាចហាមាត់និយាយតទល់នឹងខ្មាំងសត្រូវវិញខ្ញុំមានអំណរយ៉ាងខ្លាំងព្រោះព្រះអង្គសង្គ្រោះខ្ញុំ។
2. គ្មាននរណាម្នាក់វិសុទ្ធ* ដូចព្រះអម្ចាស់ទេគ្មាននរណាម្នាក់ដូចព្រះអង្គឡើយហើយក៏គ្មានថ្មដាណារឹងមាំដូចព្រះនៃយើងដែរ។
3. កុំចេះតែពោលពាក្យអួតបំប៉ោងឡើយហើយក៏មិនត្រូវឲ្យមានពាក្យសម្ដីព្រហើនចេញពីមាត់អ្នករាល់គ្នាដែរដ្បិតព្រះអម្ចាស់ជាព្រះដែលជ្រាបសព្វគ្រប់ទាំងអស់ព្រះអង្គវិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។
4. ព្រះអង្គកាច់បំបាក់ធ្នូរបស់ទាហានដ៏ខ្លាំងពូកែតែព្រះអង្គប្រទានកម្លាំងដល់មនុស្សទន់ខ្សោយ។
5. អស់អ្នកដែលធ្លាប់តែមានអាហារបរិបូណ៌បែរជានាំគ្នាស្វែងរកអាហារចំអែតក្រពះរីឯអ្នកដែលធ្លាប់តែអត់ឃ្លានបែរជាមានអាហារបរិបូណ៌ទៅវិញ។ព្រះអង្គប្រោសប្រទានឲ្យស្ត្រីអារសម្រាលកូនដល់ទៅប្រាំពីរដងតែស្ត្រីសាយកូន បែរជាគ្មានកូនទៅវិញ។
6. ជីវិតរបស់មនុស្សត្រូវស្លាប់ ឬរស់ស្រេចតែលើព្រះអម្ចាស់គេត្រូវធ្លាក់ទៅស្ថានមនុស្សស្លាប់ឬឡើងមកវិញ ក៏ស្រេចតែលើព្រះអង្គដែរ
7. មនុស្សយើងមាន ឬក្រ ស្រេចតែលើព្រះអម្ចាស់ព្រះអង្គបន្ទាបនរណាក៏បានឬលើកនរណាឡើងក៏បាន។
8. ព្រះអង្គលើកមនុស្សកំសត់ទុគ៌តចេញពីធូលីដីហើយដកមនុស្សក្រីក្រចេញពីគំនរសំរាមដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំព្រមទាំងបានគ្រងរាជសម្បត្តិដ៏រុងរឿងដ្បិតព្រះអម្ចាស់បានតែងតាំងគ្រឹះនៃផែនដីហើយព្រះអង្គដាក់ពិភពលោកនៅលើគ្រឹះនេះ។
9. ព្រះអង្គថែរក្សាដំណើរជីវិតរបស់អស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គរីឯមនុស្សអាក្រក់វិញគេនឹងត្រូវវិនាសក្នុងភាពងងឹតដ្បិតមនុស្សមិនអាចមានជ័យជំនះដោយសារកម្លាំងរបស់ខ្លួនឡើយ។