4. សម្ដេចយ៉ូណាថានទូលព្រះបាទសូល ជាបិតា អំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគេពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះបិតាទេ ផ្ទុយទៅវិញ ស្នាដៃអស្ចារ្យដែលដាវីឌធ្វើ សុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់បិតា។
5. ដាវីឌបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ ព្រះអម្ចាស់បានប្រោសប្រទានជ័យជំនះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រាអែលទាំងមូល ដូចបិតាបានទតឃើញ និងសប្បាយព្រះហឫទ័យស្រាប់ហើយ។ ហេតុអ្វីបានជាបិតាចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ដាវីឌ ដោយគ្មានមូលហេតុដូច្នេះ?»។
6. ព្រះបាទសូលទ្រង់ព្រះសណ្ដាប់ពាក្យរបស់សម្ដេចយ៉ូណាថាន ហើយមានរាជឱង្ការថា៖ «បិតាសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ដាវីឌមិនត្រូវស្លាប់ឡើយ!»។
7. បន្ទាប់មក សម្ដេចយ៉ូណាថានទៅហៅលោកដាវីឌមក ហើយរៀបរាប់សេចក្ដីទាំងនោះប្រាប់លោក រួចនាំលោកចូលមកគាល់ព្រះបាទសូល។ លោកដាវីឌក៏នៅបម្រើព្រះបាទសូល ដូចពីមុន។
8. សង្គ្រាមចេះតែកើតមាន តទៅមុខទៀត។ លោកដាវីឌចេញទៅច្បាំងជាមួយពួកភីលីស្ទីន ធ្វើឲ្យពួកគេបរាជ័យយ៉ាងធ្ងន់ ហើយបាក់ទ័ពរត់ចំពោះមុខលោក។
9. ថ្ងៃមួយ ព្រះបាទសូលកំពុងគង់នៅក្នុងដំណាក់ ទាំងកាន់លំពែងផង។ ពេលនោះ មានវិញ្ញាណអាក្រក់ពីព្រះអម្ចាស់មកចូលស្ដេច ក្នុងពេលលោកដាវីឌកំពុងតែលេងពិណ។
10. រំពេចនោះ ព្រះបាទសូលចង់ប្រហារលោកដាវីឌ ដោយគប់លំពែងភ្ជាប់លោកទៅនឹងជញ្ជាំង តែលោកដាវីឌគេចផុត ហើយលំពែងនោះដោតជាប់នឹងជញ្ជាំង។ លោកដាវីឌរត់គេចខ្លួននៅយប់នោះ។
11. ព្រះបាទសូលចាត់ទាហានឲ្យទៅផ្ទះលោកដាវីឌ ឃ្លាំចាំសម្លាប់លោកនៅពេលព្រឹក។ ប៉ុន្តែ ព្រះនាងមិកាល់ជាភរិយា ជម្រាបលោកថា៖ «បើសិនជាបងមិនរត់នៅយប់នេះទេ ស្អែក បងមុខជាស្លាប់មិនខាន»។
12. ព្រះនាងសម្រូតលោកចុះតាមបង្អួច ហើយលោករត់គេចខ្លួន ដើម្បីឲ្យរួចជីវិត។
13. បន្ទាប់មក ព្រះនាងមិកាល់យករូបបដិមាមួយមកដាក់លើគ្រែ ព្រមទាំងយកស្បែកពពែមកដាក់លើខ្នើយ និងយកភួយមកដណ្ដប់ឲ្យផង។
14. នៅពេលព្រះបាទសូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌនោះ ព្រះនាងមិកាល់ប្រាប់ថា៖ «លោកឈឺ»។
15. ព្រះបាទសូលចាត់ទាហានឲ្យវិលទៅរកលោកដាវីឌវិញ ដោយមានរាជឱង្ការថា៖ «ចូរសែងទាំងគ្រែ នាំគេយកមក ដើម្បីឲ្យយើងសម្លាប់ចោល!»។
16. ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមានៅលើគ្រែ និងស្បែកពពែនៅលើខ្នើយ។