10. រំពេចនោះ ព្រះបាទសូលចង់ប្រហារលោកដាវីឌ ដោយគប់លំពែងភ្ជាប់លោកទៅនឹងជញ្ជាំង តែលោកដាវីឌគេចផុត ហើយលំពែងនោះដោតជាប់នឹងជញ្ជាំង។ លោកដាវីឌរត់គេចខ្លួននៅយប់នោះ។
11. ព្រះបាទសូលចាត់ទាហានឲ្យទៅផ្ទះលោកដាវីឌ ឃ្លាំចាំសម្លាប់លោកនៅពេលព្រឹក។ ប៉ុន្តែ ព្រះនាងមិកាល់ជាភរិយា ជម្រាបលោកថា៖ «បើសិនជាបងមិនរត់នៅយប់នេះទេ ស្អែក បងមុខជាស្លាប់មិនខាន»។
12. ព្រះនាងសម្រូតលោកចុះតាមបង្អួច ហើយលោករត់គេចខ្លួន ដើម្បីឲ្យរួចជីវិត។
13. បន្ទាប់មក ព្រះនាងមិកាល់យករូបបដិមាមួយមកដាក់លើគ្រែ ព្រមទាំងយកស្បែកពពែមកដាក់លើខ្នើយ និងយកភួយមកដណ្ដប់ឲ្យផង។
14. នៅពេលព្រះបាទសូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌនោះ ព្រះនាងមិកាល់ប្រាប់ថា៖ «លោកឈឺ»។
15. ព្រះបាទសូលចាត់ទាហានឲ្យវិលទៅរកលោកដាវីឌវិញ ដោយមានរាជឱង្ការថា៖ «ចូរសែងទាំងគ្រែ នាំគេយកមក ដើម្បីឲ្យយើងសម្លាប់ចោល!»។
16. ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមានៅលើគ្រែ និងស្បែកពពែនៅលើខ្នើយ។
17. ព្រះបាទសូលសួរព្រះនាងមិកាល់ថា៖ «ហេតុដូចម្ដេចបានជាឯងបញ្ឆោតបិតាបែបនេះ? ហេតុដូចម្ដេចបានជាឯងទុកឲ្យសត្រូវរបស់បិតារត់រួច?»។ ព្រះនាងមិកាល់ទូលថា៖ «គឺគាត់ទេតើដែលប្រាប់ខ្ញុំម្ចាស់ថា “ទុកឲ្យអញទៅចុះ! បើមិនដូច្នោះទេ អញនឹងសម្លាប់ឯងចោល”»។
18. ពេលនោះ លោកដាវីឌរត់គេចខ្លួន ទៅជ្រកជាមួយលោកសាំយូអែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះបាទសូលបានប្រព្រឹត្តចំពោះរូបលោក។ បន្ទាប់មក លោកទាំងពីរនាំគ្នាទៅនៅកន្លែងមួយ ឈ្មោះណាយ៉ូត។
19. មានគេទូលព្រះបាទសូលថា លោកដាវីឌទៅនៅណាយ៉ូត ជិតភូមិរ៉ាម៉ា។
20. ព្រះបាទសូលចាត់ទាហានឲ្យទៅចាប់លោកដាវីឌ។ កាលពួកគេទៅដល់ ឃើញក្រុមព្យាការីដែលមានលោកសាំយូអែលជាអ្នកនាំមុខ កំពុងស្លុងស្មារតី ស្រែកច្រៀង និងរាំ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើទាហានទាំងនោះ ធ្វើឲ្យពួកគេស្លុងស្មារតី ស្រែកច្រៀង និងរាំដែរ។