9. ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។
10. លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្ដាលឲ្យស្ដេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្ដេចដូចសព្វដង ពេលនោះ ព្រះបាទសូលកាន់លំពែង
11. ទ្រង់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។
12. ព្រះបាទសូលខ្លាចលោកដាវីឌ ព្រោះព្រះអម្ចាស់បានបោះបង់ចោលស្ដេច ហើយទៅគង់នៅជាមួយលោកដាវីឌ។
13. ហេតុនេះហើយ ទើបព្រះរាជាឲ្យលោកដាវីឌចេញឆ្ងាយពីស្ដេច ដោយតែងតាំងលោកជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ លោកដាវីឌក៏ដឹកនាំកងទ័ពទៅច្បាំង
14. ហើយលោកតែងតែបានទទួលជ័យជំនះគ្រប់ពេលទាំងអស់ ដ្បិតព្រះអម្ចាស់គង់នៅជាមួយ។
15. ពេលឃើញលោកដាវីឌមានជ័យជំនះជាច្រើនដូច្នេះ ព្រះបាទសូលខ្លាចលោកក្រៃលែង។
16. ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាទាំងមូលស្រឡាញ់លោកដាវីឌ ព្រោះលោកដឹកនាំពួកគេចេញទៅច្បាំង។
17. ព្រះបាទសូលនឹកថា៖ «អញមិនចង់សម្លាប់ដាវីឌដោយផ្ទាល់ឡើយ គឺទុកឲ្យពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «យើងនឹងលើកនាងម៉្រាមជាកូនច្បងរបស់យើងឲ្យអ្នក។ ចូរមានចិត្តក្លាហានបម្រើយើង ហើយចេញទៅច្បាំងថ្វាយព្រះអម្ចាស់»។
18. លោកដាវីឌទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំជានរណា ហើយគ្រួសារ និងអំបូររបស់ឪពុកទូលបង្គំមានឋានៈអ្វី នៅក្នុងស្រុកអ៊ីស្រាអែល បានជាទូលបង្គំអាចធ្វើជាកូនប្រសាស្ដេចដូច្នេះ?»។
19. ប៉ុន្តែ នៅពេលកំណត់ដែលលោកដាវីឌត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងម៉្រាម នោះព្រះបាទសូលបែរជាលើកនាងទៅឲ្យលោកអទ្រីអែល ជាអ្នកក្រុងមេហូឡាទៅវិញ។
20. ពេលនោះ ព្រះនាងមិកាល់ជាបុត្រីរបស់ស្ដេចសូល ក៏ចាប់ចិត្តស្រឡាញ់លោកដាវីឌដែរ។ មានគេយករឿងនេះទៅទូលព្រះបាទសូល ស្ដេចគាប់ព្រះហឫទ័យណាស់។