6. កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយលោកដាវីឌបានប្រហារជនភីលីស្ទីនហើយ ស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រាអែលចេញទៅទទួលព្រះបាទសូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។
7. ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរីករាយថា៖«ព្រះបាទសូលប្រហារបានរាប់ពាន់នាក់រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។
8. ពាក្យទាំងនេះធ្វើឲ្យព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។
9. ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។
10. លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្ដាលឲ្យស្ដេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្ដេចដូចសព្វដង ពេលនោះ ព្រះបាទសូលកាន់លំពែង
11. ទ្រង់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។
12. ព្រះបាទសូលខ្លាចលោកដាវីឌ ព្រោះព្រះអម្ចាស់បានបោះបង់ចោលស្ដេច ហើយទៅគង់នៅជាមួយលោកដាវីឌ។
13. ហេតុនេះហើយ ទើបព្រះរាជាឲ្យលោកដាវីឌចេញឆ្ងាយពីស្ដេច ដោយតែងតាំងលោកជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ លោកដាវីឌក៏ដឹកនាំកងទ័ពទៅច្បាំង
14. ហើយលោកតែងតែបានទទួលជ័យជំនះគ្រប់ពេលទាំងអស់ ដ្បិតព្រះអម្ចាស់គង់នៅជាមួយ។
15. ពេលឃើញលោកដាវីឌមានជ័យជំនះជាច្រើនដូច្នេះ ព្រះបាទសូលខ្លាចលោកក្រៃលែង។
16. ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាទាំងមូលស្រឡាញ់លោកដាវីឌ ព្រោះលោកដឹកនាំពួកគេចេញទៅច្បាំង។