១ សាំយូ‌អែល 18:22-28 Khmer Standard Version (KHSV)

22. ព្រះ‌បាទ​សូល​បញ្ជា​រាជ​បម្រើ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់​ថា “ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ណាស់ ហើយ​រាជ​បម្រើ​ទាំង​អស់​ក៏​ស្រឡាញ់​លោក​ដែរ។ ដូច្នេះ សូម​យល់​ព្រម​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ទៅ”»។

23. ពួក​រាជ​បម្រើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់។ លោក​ដាវីឌ​ឆ្លើយ​ថា៖ «តើ​អស់​លោក​ស្មាន​ថា​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ ជា​រឿង​តូច‌តាច​ឬ? ជា​ពិសេស មនុស្ស​ក្រីក្រ​ដូច​ខ្ញុំ ហើយ​គ្មាន​ឋានៈ​សម‌រម្យ​ផង!»។

24. ពួក​រាជ​បម្រើ​នាំ​ពាក្យ​សម្ដី​របស់​លោក​ដាវីឌ ទៅ​ទូល​ស្ដេច​វិញ។

25. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​ទៅ​និយាយ​ប្រាប់​ដាវីឌ​ថា “ស្ដេច​មិន​ចង់​បាន​បណ្ដា‌ការ​អ្វី ក្រៅ​ពី​ស្បែក​អង្គ‌ជាត​របស់​ពួក​ភីលីស្ទីន​ចំនួន​មួយ​រយ ដើម្បី​សង‌សឹក​ខ្មាំង​សត្រូវ​ប៉ុណ្ណោះ”»។ ព្រះ‌បាទ​សូល​មាន​គោល​បំណង​ធ្វើ​ឲ្យ​លោក​ដាវីឌ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។

26. ពួក​រាជ​បម្រើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ ហើយ​លោក​ដាវីឌ​ក៏​យល់​ឃើញ​ថា សំណើ​នេះ​ជា​ការ​សម‌រម្យ ដើម្បី​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច។ មុន​ពេល​កំណត់​ត្រូវ​រៀប​អភិ‌សេក

27. លោក​ដាវីឌ និង​ទាហាន​របស់​លោក​នាំ​គ្នា​ចេញ​ទៅ​ច្បាំង លោក​សម្លាប់​ជន‌ជាតិ​ភីលីស្ទីន​ពីរ​រយ​នាក់។ លោក​ដាវីឌ​បាន​កាត់​យក​ស្បែក​អង្គ‌ជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ថ្វាយ​ព្រះ‌រាជា ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្ដេច។ ពេល​នោះ ព្រះ‌បាទ​សូល​ក៏​លើក​ព្រះ‌នាង​មិកាល់ ជា​បុត្រី ឲ្យ​ធ្វើ​ជា​ភរិយា។

28. ព្រះ‌បាទ​សូល​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​លោក​ដាវីឌ ហើយ​ឃើញ​ថា​ព្រះ‌នាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​លោក​ដែរ

១ សាំយូ‌អែល 18