20. ពេលនោះ ព្រះនាងមិកាល់ជាបុត្រីរបស់ស្ដេចសូល ក៏ចាប់ចិត្តស្រឡាញ់លោកដាវីឌដែរ។ មានគេយករឿងនេះទៅទូលព្រះបាទសូល ស្ដេចគាប់ព្រះហឫទ័យណាស់។
21. ព្រះបាទសូលនឹកថា៖ «អញនឹងលើកនាងឲ្យដាវីឌធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់ឲ្យដាវីឌធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ព្រះបាទសូលស្នើជាលើកទីពីរឲ្យលោកដាវីឌធ្វើជាកូនប្រសា។
22. ព្រះបាទសូលបញ្ជារាជបម្រើថា៖ «ចូរទៅប្រាប់លោកដាវីឌជាសម្ងាត់ថា “ព្រះរាជាគាប់ព្រះហឫទ័យនឹងលោកណាស់ ហើយរាជបម្រើទាំងអស់ក៏ស្រឡាញ់លោកដែរ។ ដូច្នេះ សូមយល់ព្រមធ្វើជាកូនប្រសាស្ដេចទៅ”»។
23. ពួករាជបម្រើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌជាសម្ងាត់។ លោកដាវីឌឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសាស្ដេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេស មនុស្សក្រីក្រដូចខ្ញុំ ហើយគ្មានឋានៈសមរម្យផង!»។
24. ពួករាជបម្រើនាំពាក្យសម្ដីរបស់លោកដាវីឌ ទៅទូលស្ដេចវិញ។