1. ពេលដាវីឌនិយាយជាមួយព្រះបាទសូលចប់ហើយ សម្ដេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។
2. នៅថ្ងៃនោះ ព្រះបាទសូលឃាត់ដាវីឌឲ្យនៅជាមួយ គឺទ្រង់មិនឲ្យលោកវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។
3. សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយដាវីឌ ព្រោះទ្រង់ស្រឡាញ់ដាវីឌ ដូចខ្លួនឯង។
4. សម្ដេចយ៉ូណាថានបានដោះអាវធំរបស់សម្ដេចមកបំពាក់ឲ្យដាវីឌ ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្ដេច ឲ្យដាវីឌដែរ។
5. គ្រប់សមរភូមិដែលព្រះបាទសូលចាត់ឲ្យទៅ ដាវីឌតែងតែទទួលជោគជ័យជានិច្ច។ ព្រះបាទសូលតែងតាំងដាវីឌឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងរាជបម្រើរបស់ព្រះបាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។
6. កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយលោកដាវីឌបានប្រហារជនភីលីស្ទីនហើយ ស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រាអែលចេញទៅទទួលព្រះបាទសូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។
7. ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរីករាយថា៖«ព្រះបាទសូលប្រហារបានរាប់ពាន់នាក់រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។
8. ពាក្យទាំងនេះធ្វើឲ្យព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។
9. ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។
10. លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្ដាលឲ្យស្ដេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្ដេចដូចសព្វដង ពេលនោះ ព្រះបាទសូលកាន់លំពែង
11. ទ្រង់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។