50. ដាវីឌវាយឈ្នះជនភីលីស្ទីន ដោយសារខ្សែដង្ហក់ និងក្រួសមួយគ្រាប់។ ដាវីឌប្រហារជនភីលីស្ទីននោះ ដោយឥតប្រើដាវឡើយ។
51. ដាវីឌរត់ចូលទៅជិតជនភីលីស្ទីន ហើយហូតដាវរបស់វាពីស្រោមសម្លាប់វា ហើយកាត់កផង។ ពេលកងទ័ពភីលីស្ទីនឃើញវីរជនរបស់ខ្លួនស្លាប់ដូច្នេះ ពួកគេនាំគ្នារត់អស់ទៅ។
52. កងទ័ពអ៊ីស្រាអែល និងកងទ័ពយូដា ក៏ស្ទុះឡើង នាំគ្នាស្រែកហ៊ោ ហើយដេញតាមពួកភីលីស្ទីនរហូតដល់ច្រកចូលជ្រលងភ្នំ និងរហូតដល់មាត់ទ្វារក្រុងអេក្រូន។ សាកសពរបស់ពួកភីលីស្ទីនដេកដួល ហូរហែតាមផ្លូវទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រូន។
53. ក្រោយពីបានដេញតាមពួកភីលីស្ទីនរួចហើយ កងទ័ពអ៊ីស្រាអែលវិលមកប្រមូលយកជយភ័ណ្ឌក្នុងកន្លែងបោះទ័ពរបស់ពួកភីលីស្ទីន។
54. ដាវីឌយកក្បាលជនភីលីស្ទីននោះមកក្រុងយេរូសាឡឹម ហើយយកគ្រឿងសស្ត្រាវុធរបស់វាមកទុកក្នុងតង់ត៍របស់ខ្លួន។
55. កាលព្រះបាទសូលឃើញដាវីឌចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន ទ្រង់ក៏សួរលោកអប៊ីនើរ ជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរទូលតបវិញថា៖ «ព្រះករុណាថ្លៃវិសេស ទូលបង្គំមិនដឹងទាល់តែសោះ»។
56. ស្ដេចបញ្ជាថា៖ «សូមលោកសាកសួរមើល យុវជននោះជាកូនរបស់អ្នកណា?»។
57. ក្រោយពីបានសម្លាប់ជនភីលីស្ទីននោះហើយ ដាវីឌវិលមកវិញ។ លោកអប៊ីនើរនាំគាត់ចូលទៅគាល់ព្រះបាទសូល ពេលនោះ ដាវីឌកាន់ក្បាលជនភីលីស្ទីនទៅជាមួយផង។
58. ស្ដេចមានរាជឱង្ការសួរថា៖ «អ្នកកំលោះអើយ! តើអ្នកជាកូននរណា?»។ ដាវីឌទូលថា៖ «ទូលបង្គំជាកូនរបស់លោកអ៊ីសាយ ជាអ្នកបម្រើរបស់ព្រះករុណា នៅភូមិបេថ្លេហិម»។