36. ជនភីលីស្ទីន ជាសាសន៍មិនកាត់ស្បែកនេះ នឹងត្រូវស្លាប់ ដូចតោ ឬខ្លាឃ្មុំ ដែលទូលបង្គំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ»។
37. ដាវីឌពោលបន្តទៀតថា៖ «ព្រះអម្ចាស់តែងតែជួយទូលបង្គំឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ព្រះអង្គមុខជាជួយទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ព្រះបាទសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «ទៅចុះ! សូមព្រះអម្ចាស់គង់ជាមួយអ្នក»។
38. ព្រះបាទសូលយកអាវសឹករបស់ខ្លួនផ្ទាល់មកបំពាក់ឲ្យដាវីឌ គឺទ្រង់យកមួកលង្ហិនមកបំពាក់លើក្បាលរបស់ដាវីឌ ព្រមទាំងបំពាក់អាវក្រោះឲ្យដែរ។
39. ដាវីឌយកដាវរបស់ព្រះបាទសូលមកស្ពាយលើអាវសឹក ហើយសាកល្បងដើរលមើល ព្រោះពុំដែលបានពាក់គ្រឿងសឹកដូច្នេះនៅឡើយ។ ប៉ុន្តែ ដាវីឌទូលព្រះបាទសូលថា៖ «ជាមួយគ្រឿងសឹកទាំងនេះ ទូលបង្គំដើរមិនរួចទេ ព្រោះទូលបង្គំពុំធ្លាប់ពាក់សោះ»។ ដាវីឌក៏ដោះគ្រឿងទាំងនោះចោល
40. ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។
41. រីឯជនភីលីស្ទីននោះវិញ ក៏ដើរចូលមករកដាវីឌដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។
42. ពេលជនភីលីស្ទីនក្រឡេកមើលមកដាវីឌ វាមើលងាយ ព្រោះឃើញដាវីឌនៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។
43. ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់បណ្ដាសាដាវីឌ។