1. ពួកភីលីស្ទីនប្រមូលផ្ដុំកងទ័ព ដើម្បីធ្វើសង្គ្រាម។ ពួកគេប្រមូលផ្ដុំគ្នានៅសូកូ ក្នុងស្រុកយូដា ហើយទៅបោះទ័ពនៅអេផេស-ដាំមីម ដែលនៅចន្លោះសូកូ និងអាសេកា។
2. រីឯព្រះបាទសូល និងទាហានអ៊ីស្រាអែល ក៏បានប្រមូលផ្ដុំគ្នាដែរ ហើយបោះទ័ពនៅតាមជ្រលងភ្នំអេឡា រួចរៀបទ័ព ដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីន។
3. ពួកភីលីស្ទីនស្ថិតនៅលើភ្នំម្ខាង ពួកអ៊ីស្រាអែលស្ថិតនៅលើភ្នំម្ខាងទៀត មានជ្រលងភ្នំនៅចន្លោះកងទ័ពទាំងពីរ។
4. មានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីន អ្នកនោះឈ្មោះកូលីយ៉ាត មកពីក្រុងកាថ គាត់មានកំពស់ប្រមាណបីម៉ែត្រ។
5. គាត់ពាក់មួកធ្វើពីលង្ហិន និងអាវក្រោះមានទម្ងន់ប្រមាណហាសិបប្រាំពីរគីឡូក្រាម ធ្វើពីលង្ហិនដែរ។