1. ពួកភីលីស្ទីនប្រមូលផ្ដុំកងទ័ព ដើម្បីធ្វើសង្គ្រាម។ ពួកគេប្រមូលផ្ដុំគ្នានៅសូកូ ក្នុងស្រុកយូដា ហើយទៅបោះទ័ពនៅអេផេស-ដាំមីម ដែលនៅចន្លោះសូកូ និងអាសេកា។
2. រីឯព្រះបាទសូល និងទាហានអ៊ីស្រាអែល ក៏បានប្រមូលផ្ដុំគ្នាដែរ ហើយបោះទ័ពនៅតាមជ្រលងភ្នំអេឡា រួចរៀបទ័ព ដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីន។
3. ពួកភីលីស្ទីនស្ថិតនៅលើភ្នំម្ខាង ពួកអ៊ីស្រាអែលស្ថិតនៅលើភ្នំម្ខាងទៀត មានជ្រលងភ្នំនៅចន្លោះកងទ័ពទាំងពីរ។
4. មានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីន អ្នកនោះឈ្មោះកូលីយ៉ាត មកពីក្រុងកាថ គាត់មានកំពស់ប្រមាណបីម៉ែត្រ។
5. គាត់ពាក់មួកធ្វើពីលង្ហិន និងអាវក្រោះមានទម្ងន់ប្រមាណហាសិបប្រាំពីរគីឡូក្រាម ធ្វើពីលង្ហិនដែរ។
6. គាត់មានប្រដាប់ស្រោបជើងធ្វើពីលង្ហិន ព្រមទាំងមានស្នធ្វើពីលង្ហិនពាក់ឆៀងដែរ។
7. ដងលំពែងរបស់គាត់មានរាងធំដូចផ្សំកីតម្បាញ ផ្លែលំពែងនោះធ្វើពីដែក មានទម្ងន់ប្រមាណប្រាំពីរគីឡូក្រាម។ មានទាហានម្នាក់ទៀតកាន់ខែលដើរពីមុខគាត់។
8. គាត់ឈរ ហើយស្រែកទៅកាន់ពលទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាពួកឯងចាំបាច់រៀបទ័ពច្បាំងដូច្នេះ? អញជាជនជាតិភីលីស្ទីន រីឯពួកឯងជាកញ្ជះរបស់ស្ដេចសូល។ ចូររើសម្នាក់ក្នុងចំណោមពួកឯងឲ្យចេញមកប្រយុទ្ធនឹងអញ។
9. ប្រសិនបើវាច្បាំងឈ្នះអញ ហើយសម្លាប់អញ នោះពួកអញនឹងធ្វើជាខ្ញុំកញ្ជះរបស់ពួកឯង តែប្រសិនបើអញឈ្នះ ហើយសម្លាប់វាបាន ពួកឯងនឹងក្លាយទៅជាខ្ញុំកញ្ជះ ហើយនៅបម្រើពួកអញវិញ»។
10. ទាហានភីលីស្ទីននោះនិយាយទៀតថា៖ «ថ្ងៃនេះ អញនឹងបំបាក់មុខពលទ័ពអ៊ីស្រាអែល! ចូរឲ្យម្នាក់ចេញមកប្រយុទ្ធគ្នាជាមួយអញមើល៍!»។