6. កាលលោកអ៊ីសាយ និងកូនប្រុសៗមកដល់ លោកសាំយូអែលក្រឡេកឃើញអេលាប ក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែលព្រះអម្ចាស់បានជ្រើសរើស»។
7. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកំពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។
8. លោកអ៊ីសាយហៅអប៊ីណាដាប់ឲ្យដើរនៅមុខលោកសាំយូអែល លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។
9. លោកអ៊ីសាយឲ្យសាម៉ាដើរនៅមុខលោកសាំយូអែល។ លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនជ្រើសរើសអ្នកនេះដែរ»។
10. លោកអ៊ីសាយឲ្យកូនប្រុសទាំងប្រាំពីរនាក់ដើរនៅមុខលោកសាំយូអែល តែលោកមានប្រសាសន៍ទៅកាន់លោកអ៊ីសាយថា៖ «ក្នុងចំណោមអ្នកទាំងនេះ ព្រះអម្ចាស់ពុំបានជ្រើសរើសនរណាម្នាក់ឡើយ
11. តើលោកគ្មានកូនណាផ្សេងទេឬ?»។ លោកអ៊ីសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់លោកអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។
12. លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេចុះ!»។
13. លោកសាំយូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌ នៅចំពោះមុខបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់យាងមកសណ្ឋិតលើយុវជនដាវីឌ ចាប់តាំងពីពេលនោះមក។ បន្ទាប់មក លោកសាំយូអែលធ្វើដំណើរត្រឡប់ទៅភូមិរ៉ាម៉ាវិញ។
14. ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានចាកចេញពីព្រះបាទសូល ហើយមានវិញ្ញាណអាក្រក់មួយមកពីព្រះអម្ចាស់ ធ្វើឲ្យស្ដេចវិលវល់ស្មារតី។
15. ពួកមន្ត្រីរបស់ព្រះបាទសូលទូលស្ដេចថា៖ «មានវិញ្ញាណអាក្រក់មកពីព្រះជាម្ចាស់ បណ្ដាលឲ្យព្រះករុណាវិលវល់ស្មារតីដូច្នេះ។
16. សូមព្រះករុណាមានរាជឱង្ការមកចុះ យើងខ្ញុំរង់ចាំធ្វើតាមបញ្ជាជានិច្ច យើងខ្ញុំនឹងរកមនុស្សម្នាក់ ដែលចេះដេញពិណ មកថ្វាយព្រះករុណា។ កាលណាវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកសង្កត់លើព្រះករុណា អ្នកនោះនឹងដេញពិណ ដើម្បីឲ្យព្រះករុណាបានធូរស្រាល»។
17. ព្រះបាទសូលមានរាជឱង្ការទៅពួកមន្ត្រីថា៖ «ចូរទៅរកអ្នកលេងភ្លេងដ៏ចំណានម្នាក់ ហើយនាំមកជួបខ្ញុំ»។