4. លោកសាំយូអែលធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកព្រឹទ្ធាចារ្យក្នុងភូមិនោះចេញមកទទួលលោក ទាំងភ័យញាប់ញ័រ ហើយសួរលោកថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។
5. លោកសាំយូអែលឆ្លើយតបថា៖ «បាទ! ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដូច្នេះ សូមអស់លោកអញ្ជើញធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ* ហើយមកថ្វាយយញ្ញបូជាជាមួយខ្ញុំ»។ លោកសាំយូអែលក៏ធ្វើពិធីជម្រះកាយជូនលោកអ៊ីសាយ ព្រមទាំងកូនប្រុសៗឲ្យបានវិសុទ្ធ និងអញ្ជើញពួកគេឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជាដែរ។
6. កាលលោកអ៊ីសាយ និងកូនប្រុសៗមកដល់ លោកសាំយូអែលក្រឡេកឃើញអេលាប ក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែលព្រះអម្ចាស់បានជ្រើសរើស»។