15. ពួកមន្ត្រីរបស់ព្រះបាទសូលទូលស្ដេចថា៖ «មានវិញ្ញាណអាក្រក់មកពីព្រះជាម្ចាស់ បណ្ដាលឲ្យព្រះករុណាវិលវល់ស្មារតីដូច្នេះ។
16. សូមព្រះករុណាមានរាជឱង្ការមកចុះ យើងខ្ញុំរង់ចាំធ្វើតាមបញ្ជាជានិច្ច យើងខ្ញុំនឹងរកមនុស្សម្នាក់ ដែលចេះដេញពិណ មកថ្វាយព្រះករុណា។ កាលណាវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកសង្កត់លើព្រះករុណា អ្នកនោះនឹងដេញពិណ ដើម្បីឲ្យព្រះករុណាបានធូរស្រាល»។
17. ព្រះបាទសូលមានរាជឱង្ការទៅពួកមន្ត្រីថា៖ «ចូរទៅរកអ្នកលេងភ្លេងដ៏ចំណានម្នាក់ ហើយនាំមកជួបខ្ញុំ»។
18. រាជបម្រើម្នាក់ទូលថា៖ «ទូលបង្គំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចំបាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្ដី មានរូបសម្បត្តិល្អស្អាត ហើយព្រះអម្ចាស់ក៏គង់នៅជាមួយដែរ»។
19. ព្រះបាទសូលចាត់អ្នកនាំសារទៅប្រាប់លោកអ៊ីសាយ នៅភូមិបេថ្លេហិមថា៖ «សូមឲ្យដាវីឌ ជាកូនប្រុសរបស់លោក ដែលជាអ្នកឃ្វាលចៀមនោះ មកជួបយើង»។
20. លោកអ៊ីសាយយកលាមួយមក លោករៀបចំនំប៉័ង ស្រាមួយថង់ស្បែក និងកូនពពែស្ទាវមួយ រួចបញ្ជូនដាវីឌជាកូនឲ្យយកទៅថ្វាយព្រះបាទសូល។
21. យុវជនដាវីឌទៅដល់ ចូលគាល់ព្រះបាទសូល ហើយនៅបម្រើស្ដេច។ ព្រះបាទសូលស្រឡាញ់ដាវីឌណាស់ ទ្រង់ឲ្យដាវីឌធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេច។
22. ព្រះបាទសូលចាត់គេឲ្យទៅប្រាប់លោកអ៊ីសាយថា៖ «សូមឲ្យដាវីឌនៅបម្រើខ្ញុំទៅ ព្រោះខ្ញុំពេញចិត្តនឹងយុវជននេះណាស់»។
23. កាលណាវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកសង្កត់លើព្រះបាទសូល ដាវីឌទាញពិណយកមកដេញ។ ពេលនោះ ព្រះបាទសូលបានធូរស្រាល និងស្រួលខ្លួនឡើងវិញ ហើយវិញ្ញាណអាក្រក់ក៏ដកថយចេញពីស្ដេចដែរ។