១ សាំយូ‌អែល 16:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្ដាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេ‌ហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្ដេច ដែល​ត្រូវ​ចិត្ត​យើង»។

2. លោក​សាំយូ‌អែល​ទូល​ថា៖ «តើ​ឲ្យ​ទូលបង្គំ​ទៅ​ម្ដេច​កើត? បើ​ព្រះ‌បាទ​សូល​ជ្រាប ស្ដេច​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដឹក​គោ​ញី​ស្ទាវ​មួយ​ទៅ ហើយ​ប្រាប់​គេ​ថា ខ្ញុំ​មក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់។

3. ចូរ​អញ្ជើញ​លោក​អ៊ីសាយ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​អភិសេក​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។

4. លោក​សាំយូ‌អែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម។ អស់​លោក​ព្រឹទ្ធា‌ចារ្យ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​លោក ទាំង​ភ័យ​ញាប់‌ញ័រ ហើយ​សួរ​លោក​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។

5. លោក​សាំយូ‌អែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ* ហើយ​មក​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​ខ្ញុំ»។ លោក​សាំយូ‌អែល​ក៏​ធ្វើ​ពិធី​ជម្រះ​កាយ​ជូន​លោក​អ៊ីសាយ ព្រម​ទាំង​កូន​ប្រុសៗ​ឲ្យ​បាន​វិសុទ្ធ និង​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដែរ។

១ សាំយូ‌អែល 16