29. ព្រះអម្ចាស់ ដែលជាសិរីរុងរឿងរបស់ជនជាតិអ៊ីស្រាអែល មិនចេះកុហក មិនក្រឡាស់ពាក្យសម្ដី ហើយមិនចេះស្ដាយក្រោយដូចមនុស្សលោកទេ»។
30. ព្រះបាទសូលមានរាជឱង្ការថែមទៀតថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ឥឡូវនេះ ខ្ញុំសូមអង្វរលោកមេត្តាទុកកិត្តិយសឲ្យខ្ញុំ នៅចំពោះមុខអស់លោកព្រឹទ្ធាចារ្យនៃប្រជាជនរបស់ខ្ញុំ និងនៅចំពោះមុខអ៊ីស្រាអែលផង សូមលោកវិលមកជាមួយខ្ញុំ ខ្ញុំនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់លោក»។
31. លោកសាំយូអែលក៏សុខចិត្តវិលមកវិញ លោកដើរតាមពីក្រោយព្រះបាទសូល ហើយព្រះបាទសូលក្រាបថ្វាយបង្គំព្រះអម្ចាស់។
32. លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអកាក់ ជាស្ដេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្ដេចអកាក់ចូលមកជិតលោកសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថា «បានរួចពីស្លាប់»។
33. លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យម្ដាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្ដាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក លោកសាំយូអែលប្រហារជីវិតស្ដេចអកាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅគីលកាល់។
34. លោកសាំយូអែលវិលទៅរ៉ាម៉ាវិញ ហើយព្រះបាទសូលក៏វិលទៅដំណាក់នៅគីបៀរដែរ។
35. លោកសាំយូអែលលែងទៅជួបព្រះបាទសូលទៀតរហូតដល់ថ្ងៃស្លាប់។ លោកសាំយូអែលយំសោកស្ដាយព្រះបាទសូល ដ្បិតព្រះអម្ចាស់ខកព្រះហឫទ័យ ដោយបានតែងតាំងព្រះបាទសូល ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល។