១ សាំយូ‌អែល 15:26-35 Khmer Standard Version (KHSV)

26. លោក​សាំយូ‌អែល​ទូល​តប​ព្រះ‌បាទ​សូល​ថា៖ «ទូលបង្គំ​មិន​វិល​ទៅ​ជា​មួយ​ព្រះ‌ករុណា​វិញ​ទេ ដ្បិត​ព្រះ‌ករុណា​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ដែរ»។

27. កាល​លោក​សាំយូ‌អែល​បែរ​ខ្នង​ចេញ​ទៅ ព្រះ‌បាទ​សូល​ចាប់​ទាញ​ជាយ​អាវ​ធំ​របស់​លោក ធ្វើ​ឲ្យ​រហែក។

28. លោក​សាំយូ‌អែល​ទូល​ស្ដេច​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ដក​ហូត​រាជ​ចេញ​ពី​ព្រះ‌ករុណា លែង​ឲ្យ​គ្រង​រាជ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ ព្រះ‌អង្គ​ប្រគល់​រាជ​សម្បត្តិ​នេះ​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ល្អ​ជាង​ព្រះ‌ករុណា។

29. ព្រះ‌អម្ចាស់ ដែល​ជា​សិរី‌រុងរឿង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សម្ដី ហើយ​មិន​ចេះ​ស្ដាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។

30. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ទុក​កិត្តិយស​ឲ្យ​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ និង​នៅ​ចំពោះ​មុខ​អ៊ីស្រា‌អែល​ផង សូម​លោក​វិល​មក​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក»។

31. លោក​សាំយូ‌អែល​ក៏​សុខ​ចិត្ត​វិល​មក​វិញ លោក​ដើរ​តាម​ពី​ក្រោយ​ព្រះ‌បាទ​សូល ហើយ​ព្រះ‌បាទ​សូល​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

32. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​អកាក់ ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​មក»។ ស្ដេច​អកាក់​ចូល​មក​ជិត​លោក​សាំយូ‌អែល ដោយ​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​នឹក​ស្មាន​ថា «បាន​រួច​ពី​ស្លាប់»។

33. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ដាវ​របស់​ឯង​បាន​ធ្វើ​ឲ្យ​ម្ដាយ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​ណា ម្ដាយ​របស់​ឯង​ក៏​ត្រូវ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​នោះ​ដែរ»។ បន្ទាប់​មក លោក​សាំយូ‌អែល​ប្រហារ​ជីវិត​ស្ដេច​អកាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​គីល‌កាល់។

34. លោក​សាំយូ‌អែល​វិល​ទៅ​រ៉ាម៉ា​វិញ ហើយ​ព្រះ‌បាទ​សូល​ក៏​វិល​ទៅ​ដំណាក់​នៅ​គីបៀរ​ដែរ។

35. លោក​សាំយូ‌អែល​លែង​ទៅ​ជួប​ព្រះ‌បាទ​សូល​ទៀត​រហូត​ដល់​ថ្ងៃ​ស្លាប់។ លោក​សាំយូ‌អែល​យំ​សោក​ស្ដាយ​ព្រះ‌បាទ​សូល ដ្បិត​ព្រះ‌អម្ចាស់​ខក​ព្រះ‌ហឫទ័យ ដោយ​បាន​តែង‌តាំង​ព្រះ‌បាទ​សូល ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល។

១ សាំយូ‌អែល 15