25. ឥឡូវនេះ ខ្ញុំអង្វរលោក សូមមេត្តាអត់ទោសឲ្យខ្ញុំដែលបានប្រព្រឹត្តអំពើបាបនេះផង។ សូមលោកត្រឡប់មកជាមួយខ្ញុំវិញ ដើម្បីឲ្យខ្ញុំទៅក្រាបថ្វាយបង្គំព្រះអម្ចាស់»។
26. លោកសាំយូអែលទូលតបព្រះបាទសូលថា៖ «ទូលបង្គំមិនវិលទៅជាមួយព្រះករុណាវិញទេ ដ្បិតព្រះករុណាបានបោះបង់ចោលព្រះបន្ទូលរបស់ព្រះអម្ចាស់ ព្រះអម្ចាស់ក៏បោះបង់ចោលព្រះករុណា លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតដែរ»។
27. កាលលោកសាំយូអែលបែរខ្នងចេញទៅ ព្រះបាទសូលចាប់ទាញជាយអាវធំរបស់លោក ធ្វើឲ្យរហែក។
28. លោកសាំយូអែលទូលស្ដេចថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ដកហូតរាជចេញពីព្រះករុណា លែងឲ្យគ្រងរាជលើជនជាតិអ៊ីស្រាអែលទៀតហើយ ព្រះអង្គប្រគល់រាជសម្បត្តិនេះឲ្យបុរសម្នាក់ទៀត ដែលល្អជាងព្រះករុណា។
29. ព្រះអម្ចាស់ ដែលជាសិរីរុងរឿងរបស់ជនជាតិអ៊ីស្រាអែល មិនចេះកុហក មិនក្រឡាស់ពាក្យសម្ដី ហើយមិនចេះស្ដាយក្រោយដូចមនុស្សលោកទេ»។
30. ព្រះបាទសូលមានរាជឱង្ការថែមទៀតថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ឥឡូវនេះ ខ្ញុំសូមអង្វរលោកមេត្តាទុកកិត្តិយសឲ្យខ្ញុំ នៅចំពោះមុខអស់លោកព្រឹទ្ធាចារ្យនៃប្រជាជនរបស់ខ្ញុំ និងនៅចំពោះមុខអ៊ីស្រាអែលផង សូមលោកវិលមកជាមួយខ្ញុំ ខ្ញុំនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់លោក»។
31. លោកសាំយូអែលក៏សុខចិត្តវិលមកវិញ លោកដើរតាមពីក្រោយព្រះបាទសូល ហើយព្រះបាទសូលក្រាបថ្វាយបង្គំព្រះអម្ចាស់។
32. លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអកាក់ ជាស្ដេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្ដេចអកាក់ចូលមកជិតលោកសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថា «បានរួចពីស្លាប់»។
33. លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យម្ដាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្ដាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក លោកសាំយូអែលប្រហារជីវិតស្ដេចអកាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅគីលកាល់។
34. លោកសាំយូអែលវិលទៅរ៉ាម៉ាវិញ ហើយព្រះបាទសូលក៏វិលទៅដំណាក់នៅគីបៀរដែរ។
35. លោកសាំយូអែលលែងទៅជួបព្រះបាទសូលទៀតរហូតដល់ថ្ងៃស្លាប់។ លោកសាំយូអែលយំសោកស្ដាយព្រះបាទសូល ដ្បិតព្រះអម្ចាស់ខកព្រះហឫទ័យ ដោយបានតែងតាំងព្រះបាទសូល ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល។