១ សាំយូ‌អែល 15:20-34 Khmer Standard Version (KHSV)

20. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​ហើយ ខ្ញុំ​បាន​ចេញ​ទៅ​ច្បាំង​នៅ​ស្រុក​ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​ទៅ។ ខ្ញុំ​ចាប់​បាន​អកាក់ ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ា‌ឡេក មក​ជា​ឈ្លើយ ហើយ​ខ្ញុំ​ក៏​ប្រហារ​ជីវិត​ជន‌ជាតិ​អាម៉ា‌ឡេក​ទាំង​អស់​ថ្វាយ​ព្រះ‌អង្គ​ដែរ។

21. ពួក​ពល​ទាហាន​រើស​យក​ជយ‌ភ័ណ្ឌ មាន​គោ និង​ចៀម​ដ៏​ល្អ​ជាង​គេ​ពី​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ជា​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​នៅ​គីល‌កាល់»។

22. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះ‌អង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។

23. រីឯ​ការ​បះ‌បោរ​អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង‌រូស​ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ព្រះ‌ករុណា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះ‌អង្គ​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា​លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​ទៀត​ហើយ»។

24. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ខុស​នឹង​ពាក្យ​របស់​លោក​ដែរ ដ្បិត​ខ្ញុំ​ខ្លាច​ពល​ទាហាន ហើយ​ធ្វើ​តាម​ពួក​គេ។

25. ឥឡូវ​នេះ ខ្ញុំ​អង្វរ​លោក សូម​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ​ផង។ សូម​លោក​ត្រឡប់​មក​ជា​មួយ​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់»។

26. លោក​សាំយូ‌អែល​ទូល​តប​ព្រះ‌បាទ​សូល​ថា៖ «ទូលបង្គំ​មិន​វិល​ទៅ​ជា​មួយ​ព្រះ‌ករុណា​វិញ​ទេ ដ្បិត​ព្រះ‌ករុណា​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ដែរ»។

27. កាល​លោក​សាំយូ‌អែល​បែរ​ខ្នង​ចេញ​ទៅ ព្រះ‌បាទ​សូល​ចាប់​ទាញ​ជាយ​អាវ​ធំ​របស់​លោក ធ្វើ​ឲ្យ​រហែក។

28. លោក​សាំយូ‌អែល​ទូល​ស្ដេច​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ដក​ហូត​រាជ​ចេញ​ពី​ព្រះ‌ករុណា លែង​ឲ្យ​គ្រង​រាជ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ ព្រះ‌អង្គ​ប្រគល់​រាជ​សម្បត្តិ​នេះ​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ល្អ​ជាង​ព្រះ‌ករុណា។

29. ព្រះ‌អម្ចាស់ ដែល​ជា​សិរី‌រុងរឿង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សម្ដី ហើយ​មិន​ចេះ​ស្ដាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។

30. ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ទុក​កិត្តិយស​ឲ្យ​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ និង​នៅ​ចំពោះ​មុខ​អ៊ីស្រា‌អែល​ផង សូម​លោក​វិល​មក​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក»។

31. លោក​សាំយូ‌អែល​ក៏​សុខ​ចិត្ត​វិល​មក​វិញ លោក​ដើរ​តាម​ពី​ក្រោយ​ព្រះ‌បាទ​សូល ហើយ​ព្រះ‌បាទ​សូល​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

32. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​អកាក់ ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​មក»។ ស្ដេច​អកាក់​ចូល​មក​ជិត​លោក​សាំយូ‌អែល ដោយ​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​នឹក​ស្មាន​ថា «បាន​រួច​ពី​ស្លាប់»។

33. លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ដាវ​របស់​ឯង​បាន​ធ្វើ​ឲ្យ​ម្ដាយ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​ណា ម្ដាយ​របស់​ឯង​ក៏​ត្រូវ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​នោះ​ដែរ»។ បន្ទាប់​មក លោក​សាំយូ‌អែល​ប្រហារ​ជីវិត​ស្ដេច​អកាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​គីល‌កាល់។

34. លោក​សាំយូ‌អែល​វិល​ទៅ​រ៉ាម៉ា​វិញ ហើយ​ព្រះ‌បាទ​សូល​ក៏​វិល​ទៅ​ដំណាក់​នៅ​គីបៀរ​ដែរ។

១ សាំយូ‌អែល 15