10. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា
11. «យើងសោកស្ដាយណាស់ដោយបានតែងតាំងសូល ជាស្ដេច ព្រោះគេងាកចេញពីយើង ហើយពុំបានប្រតិបត្តិតាមបទបញ្ជារបស់យើងទេ»។ លោកសាំយូអែលរន្ធត់ចិត្តជាខ្លាំង លោកទូលអង្វរព្រះអម្ចាស់ពេញមួយយប់។
12. លោកសាំយូអែលក្រោកពីព្រលឹម ធ្វើដំណើរទៅគាល់ព្រះបាទសូល តែគេជម្រាបលោកថា ព្រះបាទសូលយាងទៅកើមែល ដើម្បីសង់ស្តូបមួយសម្រាប់ស្ដេចផ្ទាល់ រួចហើយស្ដេចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅគីលកាល់។
13. កាលលោកសាំយូអែលជួបព្រះបាទសូលហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោក! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ហើយ»។
14. លោកសាំយូអែលទូលសួរថា៖ «ចុះហេតុអ្វីបានជាទូលបង្គំឮសម្រែកចៀម និងគោដូច្នេះ?»។
15. ព្រះបាទសូលមានរាជឱង្ការថា៖ «ពួកពលទាហាននាំយកសត្វទាំងនោះពីស្រុកអាម៉ាឡេក។ ពួកគេទុកគោ និងចៀមដ៏ល្អៗនេះ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោក ចំពោះអ្វីៗផ្សេងទៀត ពួកយើងបានបំផ្លាញ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់អស់ហើយ»។
16. លោកសាំយូអែលទូលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ទូលបង្គំសូមទូលសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទូលបង្គំកាលពីយប់មិញ»។ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមលោកមានប្រសាសន៍មកចុះ!»។
17. លោកសាំយូអែលទូលថា៖ «ទោះបីព្រះករុណាយល់ថាខ្លួនជាមនុស្សទន់ទាបក្ដី ក៏ព្រះករុណានៅតែជាអ្នកដឹកនាំលើកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលដែរ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះករុណា ជាស្ដេចលើជនជាតិអ៊ីស្រាអែលរួចហើយ។