1. លោកសាំយូអែលទូលព្រះបាទសូលថា៖ «ព្រះអម្ចាស់បានចាត់ទូលបង្គំឲ្យមកចាក់ប្រេងអភិសេកព្រះករុណា ជាស្ដេចលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ឥឡូវនេះ សូមព្រះករុណាព្រះសណ្ដាប់សេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល។
2. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា“យើងចង់ដាក់ទោសជនជាតិអាម៉ាឡេក ដែលបានធ្វើបាបជនជាតិអ៊ីស្រាអែល គឺរារាំងផ្លូវជនជាតិអ៊ីស្រាអែល កាលពួកគេចាកចេញពីស្រុកអេស៊ីប។
3. ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។
4. ព្រះបាទសូលក៏កេណ្ឌទ័ព ហើយយាងចេញមកត្រួតពលនៅថេលែម មានទ័ពថ្មើរជើងចំនួន២០០ ០០០នាក់ ព្រមទាំងមានទាហាន ១០ ០០០នាក់ ពីកុលសម្ព័ន្ធយូដាថែមទៀតផង។
5. កាលព្រះបាទសូលយាងទៅដល់ក្រុងរបស់ជនជាតិអាម៉ាឡេក ទ្រង់បង្កប់ទ័ពនៅតាមជ្រលងភ្នំ។
6. បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅជនជាតិកែនថា៖ «ចូរដកខ្លួនថយចេញពីពួកអាម៉ាឡេក ហើយរត់ចេញពីចំណោមពួកគេទៅ ក្រែងលោយើងសម្លាប់អ្នករាល់គ្នាជាមួយពួកគេដែរ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែល ដោយចិត្តសប្បុរស កាលពួកគេចាកចេញពីស្រុកអេស៊ីប»។ ដូច្នេះ ជនជាតិកែនចាកចេញពីចំណោមជនជាតិអាម៉ាឡេក។
7. ព្រះបាទសូលវាយពួកអាម៉ាឡេក ចាប់ពីហាវីឡា រហូតដល់ស៊ើរ ដែលនៅខាងកើតស្រុកអេស៊ីប។
8. ស្ដេចចាប់បានព្រះបាទអកាក់ ជាស្ដេចរបស់ពួកអាម៉ាឡេក ទាំងរស់ ហើយប្រហារជីវិតប្រជាជនទាំងអស់ដោយមុខដាវ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់
9. តែព្រះបាទសូល និងកងទ័ពបានទុកជីវិតឲ្យស្ដេចអកាក់ ព្រមទាំងសត្វដ៏ល្អៗជាងគេ មានគោ ចៀម សត្វធាត់ៗ កូនចៀម និងអ្វីៗដែលល្អបំផុត ពួកគេមិនព្រមបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះជាម្ចាស់ទេ។ ពួកគេបំផ្លាញតែអ្វីៗដែលគ្មានតម្លៃ និងគ្មានប្រយោជន៍ប៉ុណ្ណោះ។