7. សេនានោះក៏ឆ្លើយតបវិញថា៖ «សូមធ្វើតាមគំនិតរបស់សម្ដេចចុះ! កុំបង្អង់ឡើយ ទូលបង្គំដើរតាមក្រោយសម្ដេចជានិច្ច»។
8. សម្ដេចយ៉ូណាថានតបថា៖ «បើដូច្នេះ ចូរយើងឆ្លងទៅរកអ្នកទាំងនោះ រួចបង្ហាញខ្លួនឲ្យគេឃើញ។
9. បើសិនជាពួកគេប្រាប់មកយើងថា “ចូរឈប់នៅទីនោះហើយ ពួកយើងនឹងចុះទៅរកអ្នក!” នោះយើងត្រូវឈរនៅនឹងកន្លែង គឺមិនត្រូវឡើងទៅរកពួកគេទេ។
10. ប៉ុន្តែ បើសិនជាពួកគេប្រាប់ថា “ចូរឡើងមករកយើង!” នោះយើងនឹងឡើងទៅភ្លាម ដ្បិតនេះជាសញ្ញាសម្គាល់ឲ្យយើងដឹងថា ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់យើងហើយ»។
11. អ្នកទាំងពីរបង្ហាញខ្លួនឲ្យពួកខ្សែត្រៀមរបស់ភីលីស្ទីនឃើញ។ ពួកភីលីស្ទីនពោលថា៖ «មើលហ្ន៎! ពួកហេប្រឺចេញពីរូងដែលគេពួនហើយ!»។
12. ពួកទាហាននៅខ្សែត្រៀមស្រែកប្រាប់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធថា៖ «ចូរឡើងមក! យើងនឹងប្រដៅអ្នកទាំងពីរ»។ សម្ដេចយ៉ូណាថានប្រាប់សេនារបស់សម្ដេចថា៖ «ឡើងតាមខ្ញុំ ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលហើយ»។
13. សម្ដេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចក៏វារឡើងតាមក្រោយដែរ។ សម្ដេចយ៉ូណាថានវាយផ្ដួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធក៏សម្លាប់ពួកគេតាមក្រោយ។
14. នៅគ្រាដំបូង សម្ដេចយ៉ូណាថាន និងសេនា បានប្រហារពួកភីលីស្ទីនអស់ប្រមាណម្ភៃនាក់ នៅលើផ្ទៃដីប្រហែលមួយស្រែ។
15. ពេលនោះ ក៏កើតការភ័យញាប់ញ័រនៅក្នុងជំរំរបស់ពួកភីលីស្ទីន និងក្នុងចំណោមប្រជាជនដែលនៅជិតខាងនោះផងដែរ។ រីឯទាហាននៅតាមខ្សែត្រៀម និងកងទ័ពក៏ភ័យញាប់ញ័រដែរ ដ្បិតមានរញ្ជួយផែនដី បណ្ដាលឲ្យមានការភ័យញាប់ញ័រជាខ្លាំង។
16. ពួកអ្នកយាមល្បាតរបស់ស្ដេចសូល នៅក្រុងគីបៀរ ក្នុងស្រុកបេនយ៉ាមីន ក៏បានឃើញកងទ័ពភីលីស្ទីនរត់បែកខ្ញែកគ្នាទៅគ្រប់ទិសទីដែរ។
17. ព្រះបាទសូលមានរាជឱង្ការទៅកាន់ទាហាន ដែលនៅជាមួយស្ដេចថា៖ «ចូររាប់ចំនួនគ្នាយើងមើល តើបាត់នរណាខ្លះ»។ គេក៏រាប់មើល ហើយឃើញបាត់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេច។
18. ព្រះបាទសូលបញ្ជាទៅលោកអហ៊ីយ៉ាថា៖ «ចូរទៅយកហិបរបស់ព្រះជាម្ចាស់មក!»។ នៅគ្រានោះ ហិបរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល។