20. ព្រះបាទសូល និងទាហានទាំងអស់ដែលនៅជាមួយស្ដេច បានប្រមូលគ្នា រួចចេញទៅដល់ទីលានប្រយុទ្ធ។ ម្នាក់ៗកាន់ដាវចូលប្រឡូកច្បាំង ហើយសភាពច្របូកច្របល់ក៏កើតមានយ៉ាងខ្លាំងឥតឧបមា។
21. មានពួកហេប្រឺមួយចំនួន ដែលពីមុននៅបម្រើពួកភីលីស្ទីន ហើយបានចេញមកច្បាំងរួមជាមួយពួកគេដែរនោះ ក៏រត់ចូលមកខាងទ័ពអ៊ីស្រាអែល ដែលនៅជាមួយព្រះបាទសូល និងសម្ដេចយ៉ូណាថាន។
22. ទាហានអ៊ីស្រាអែលទាំងប៉ុន្មានដែលលាក់ខ្លួននៅតាមតំបន់ភ្នំអេប្រាអ៊ីមដឹងថា ពួកភីលីស្ទីនបាក់ទ័ព នោះក៏ចេញមកដេញតាមប្រហារពួកគេដែរ។
23. នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏បន្តទៅទៀត រហូតដល់បេតអាវេន។
24. នៅថ្ងៃនោះ ទាហានអ៊ីស្រាអែលត្រូវវេទនា ព្រោះព្រះបាទសូលបានឲ្យពួកគេស្បថថា៖ «ប្រសិនបើអ្នកណាម្នាក់បរិភោគអាហារមុនពេលល្ងាច គឺមុនពេលដែលយើងមិនទាន់បានសងសឹកខ្មាំងសត្រូវ អ្នកនោះមុខជាត្រូវបណ្ដាសាមិនខាន»។ ហេតុនេះ ក្នុងជួរកងទ័ព គ្មាននរណាម្នាក់ហ៊ានបរិភោគអាហារឡើយ។
25. ពួកគេទាំងអស់គ្នាបានទៅដល់ក្នុងព្រៃ ត្រង់កន្លែងមួយដែលមានសំបុកឃ្មុំនៅផ្ទាល់នឹងដី។
26. ពេលពួកទាហានចូលដល់ក្នុងព្រៃ ឃើញទឹកឃ្មុំហូរដូច្នេះ គ្មានអ្នកណាម្នាក់ហ៊ានយកដៃ ទៅកៀរទឹកឃ្មុំនោះដាក់ក្នុងមាត់ឡើយ ព្រោះពួកគេគោរពពាក្យសម្បថ។
27. សម្ដេចយ៉ូណាថានពុំដឹងថា បិតាបានឲ្យពួកទាហានស្បថទេ។ សម្ដេចក៏យកដំបងដែលទ្រង់កាន់នោះចាក់ទៅលើសំបុកឃ្មុំ ឆ្កឹះដាក់ក្នុងមាត់ ហើយសម្ដេចមានទឹកមុខស្រស់បស់។
28. ពេលនោះ ទាហានម្នាក់ទូលសម្ដេចយ៉ូណាថានថា៖ «បិតារបស់សម្ដេចបានឲ្យពួកទាហានស្បថថា “នៅថ្ងៃនេះ អ្នកណាហ៊ានបរិភោគអាហារ អ្នកនោះនឹងត្រូវបណ្ដាសាជាមិនខាន!” ហេតុនេះបានជាទាហានហេវហត់ទាំងអស់គ្នា»។
29. សម្ដេចយ៉ូណាថានពោលថា៖ «បិតារបស់ខ្ញុំបាននាំឲ្យពួកយើងកើតកង្វល់ហើយ។ មើល! ខ្ញុំមានទឹកមុខស្រស់បស់ ព្រោះតែបានភ្លក់ទឹកឃ្មុំនេះបន្តិច។
30. ថ្ងៃនេះ ប្រសិនបើទាហានទាំងអស់បរិភោគអាហារដែលរឹបអូសយកបានពីខ្មាំងនោះ ប្រហែលជាពួកភីលីស្ទីន ទទួលបរាជ័យធ្ងន់ធ្ងរជាងនេះទៅទៀត!»។
31. នៅថ្ងៃនោះ ពួកគេវាយប្រហារពួកភីលីស្ទីនចាប់តាំងពីមីកម៉ាស់ រហូតដល់អាយ៉ាឡូន។ ពួកទាហានមានការហេវហត់យ៉ាងខ្លាំង
32. ក៏ស្ទុះតម្រង់ទៅរកជយភ័ណ្ឌ។ ពួកគេចាប់ចៀម គោ និងកូនគោ មកចាក់កសម្លាប់នៅផ្ទាល់នឹងដី ហើយនាំគ្នាបរិភោគសាច់ដែលមានសុទ្ធតែឈាម។
33. មានគេទូលព្រះបាទសូលថា៖ «ពួកទាហានបានប្រព្រឹត្តខុសនឹងព្រះអម្ចាស់ ដោយបរិភោគសាច់ដែលមានសុទ្ធតែឈាម!»។ ព្រះបាទសូលមានរាជឱង្ការថា៖ «អ្នករាល់គ្នាក្បត់ព្រះអម្ចាស់ហើយ! ចូរប្រមៀលថ្មមួយផ្ទាំងធំមកឲ្យខ្ញុំភ្លាម»។