18. ព្រះបាទសូលបញ្ជាទៅលោកអហ៊ីយ៉ាថា៖ «ចូរទៅយកហិបរបស់ព្រះជាម្ចាស់មក!»។ នៅគ្រានោះ ហិបរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល។
19. ពេលព្រះបាទសូលកំពុងតែមានរាជឱង្ការទៅកាន់លោកបូជាចារ្យ ការច្របូកច្របល់កើតមានកាន់តែខ្លាំងឡើងៗ នៅក្នុងជំរំពួកភីលីស្ទីន។ ព្រះបាទសូលក៏ប្រាប់លោកបូជាចារ្យថា៖ «មិនបាច់ទូលសួរព្រះជាម្ចាស់ទៀតទេ»។
20. ព្រះបាទសូល និងទាហានទាំងអស់ដែលនៅជាមួយស្ដេច បានប្រមូលគ្នា រួចចេញទៅដល់ទីលានប្រយុទ្ធ។ ម្នាក់ៗកាន់ដាវចូលប្រឡូកច្បាំង ហើយសភាពច្របូកច្របល់ក៏កើតមានយ៉ាងខ្លាំងឥតឧបមា។
21. មានពួកហេប្រឺមួយចំនួន ដែលពីមុននៅបម្រើពួកភីលីស្ទីន ហើយបានចេញមកច្បាំងរួមជាមួយពួកគេដែរនោះ ក៏រត់ចូលមកខាងទ័ពអ៊ីស្រាអែល ដែលនៅជាមួយព្រះបាទសូល និងសម្ដេចយ៉ូណាថាន។
22. ទាហានអ៊ីស្រាអែលទាំងប៉ុន្មានដែលលាក់ខ្លួននៅតាមតំបន់ភ្នំអេប្រាអ៊ីមដឹងថា ពួកភីលីស្ទីនបាក់ទ័ព នោះក៏ចេញមកដេញតាមប្រហារពួកគេដែរ។
23. នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏បន្តទៅទៀត រហូតដល់បេតអាវេន។
24. នៅថ្ងៃនោះ ទាហានអ៊ីស្រាអែលត្រូវវេទនា ព្រោះព្រះបាទសូលបានឲ្យពួកគេស្បថថា៖ «ប្រសិនបើអ្នកណាម្នាក់បរិភោគអាហារមុនពេលល្ងាច គឺមុនពេលដែលយើងមិនទាន់បានសងសឹកខ្មាំងសត្រូវ អ្នកនោះមុខជាត្រូវបណ្ដាសាមិនខាន»។ ហេតុនេះ ក្នុងជួរកងទ័ព គ្មាននរណាម្នាក់ហ៊ានបរិភោគអាហារឡើយ។
25. ពួកគេទាំងអស់គ្នាបានទៅដល់ក្នុងព្រៃ ត្រង់កន្លែងមួយដែលមានសំបុកឃ្មុំនៅផ្ទាល់នឹងដី។