1. ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្រារបស់ព្រះបាទសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ សម្ដេចមិនបានទូលបិតាឲ្យជ្រាបទេ។
2. ព្រះបាទសូលប្រថាប់នៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។
3. រីឯអ្នកដែលពាក់អាវអេផូដ* ដើម្បីទូលសួរព្រះជាម្ចាស់នៅពេលនោះ គឺលោកអហ៊ីយ៉ា ជាកូនរបស់លោកអហ៊ីទូប ត្រូវជាបងប្អូនរបស់អ៊ីកាបុដ ជាកូនរបស់លោកភីនេហាស និងត្រូវជាចៅរបស់លោកអេលី ដែលជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។ គ្មាននរណាម្នាក់ក្នុងជួរកងទ័ពដឹងថា សម្ដេចយ៉ូណាថានចេញទៅទេ។
4. ច្រកភ្នំដែលសម្ដេចយ៉ូណាថានបម្រុងនឹងឆ្លងទៅរកខ្សែត្រៀមរបស់ពួកភីលីស្ទីននោះ មានថ្មស្រួចៗនៅអមសងខាងផ្លូវ មួយឈ្មោះបូសេស មួយទៀតឈ្មោះសេនេ។