1. ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្រារបស់ព្រះបាទសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ សម្ដេចមិនបានទូលបិតាឲ្យជ្រាបទេ។
2. ព្រះបាទសូលប្រថាប់នៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។
3. រីឯអ្នកដែលពាក់អាវអេផូដ* ដើម្បីទូលសួរព្រះជាម្ចាស់នៅពេលនោះ គឺលោកអហ៊ីយ៉ា ជាកូនរបស់លោកអហ៊ីទូប ត្រូវជាបងប្អូនរបស់អ៊ីកាបុដ ជាកូនរបស់លោកភីនេហាស និងត្រូវជាចៅរបស់លោកអេលី ដែលជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។ គ្មាននរណាម្នាក់ក្នុងជួរកងទ័ពដឹងថា សម្ដេចយ៉ូណាថានចេញទៅទេ។
4. ច្រកភ្នំដែលសម្ដេចយ៉ូណាថានបម្រុងនឹងឆ្លងទៅរកខ្សែត្រៀមរបស់ពួកភីលីស្ទីននោះ មានថ្មស្រួចៗនៅអមសងខាងផ្លូវ មួយឈ្មោះបូសេស មួយទៀតឈ្មោះសេនេ។
5. ថ្មស្រួចមួយស្ថិតនៅខាងជើង ទល់មុខនឹងមីកម៉ាស់ និងមួយទៀតស្ថិតនៅខាងត្បូង ទល់មុខនឹងកេបា។
6. សម្ដេចយ៉ូណាថានប្រាប់ទៅសេនាក្មេង ដែលកាន់គ្រឿងសស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកទមិឡ ប្រហែលជាព្រះអម្ចាស់ជួយយើង ដ្បិតគ្មានអ្វីរារាំងព្រះអម្ចាស់មិនឲ្យប្រទានជ័យជំនះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្ដី!»។
7. សេនានោះក៏ឆ្លើយតបវិញថា៖ «សូមធ្វើតាមគំនិតរបស់សម្ដេចចុះ! កុំបង្អង់ឡើយ ទូលបង្គំដើរតាមក្រោយសម្ដេចជានិច្ច»។
8. សម្ដេចយ៉ូណាថានតបថា៖ «បើដូច្នេះ ចូរយើងឆ្លងទៅរកអ្នកទាំងនោះ រួចបង្ហាញខ្លួនឲ្យគេឃើញ។
9. បើសិនជាពួកគេប្រាប់មកយើងថា “ចូរឈប់នៅទីនោះហើយ ពួកយើងនឹងចុះទៅរកអ្នក!” នោះយើងត្រូវឈរនៅនឹងកន្លែង គឺមិនត្រូវឡើងទៅរកពួកគេទេ។
10. ប៉ុន្តែ បើសិនជាពួកគេប្រាប់ថា “ចូរឡើងមករកយើង!” នោះយើងនឹងឡើងទៅភ្លាម ដ្បិតនេះជាសញ្ញាសម្គាល់ឲ្យយើងដឹងថា ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់យើងហើយ»។