8. ព្រះបាទសូលរង់ចាំជួបលោកសាំយូអែល អស់រយៈពេលប្រាំពីរថ្ងៃ តែមិនឃើញលោកអញ្ជើញមកគីលកាល់ ដូចបានកំណត់ទេ។ ពួកទាហានក៏នាំគ្នារត់គេចខ្លួន ចេញឆ្ងាយពីស្ដេច។
9. ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរយកតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព មកឲ្យខ្ញុំ»។ ស្ដេចក៏ថ្វាយតង្វាយដុតទាំងមូលនោះទៅ។
10. នៅពេលស្ដេចថ្វាយតង្វាយដុតរួចស្រេចហើយ លោកសាំយូអែលអញ្ជើញមកដល់។ ព្រះបាទសូលក៏យាងទៅទទួល និងជម្រាបសួរលោក។
11. លោកសាំយូអែលមានប្រសាសន៍ថា៖ «តើព្រះករុណាធ្វើអ្វីហ្នឹង?»។ ព្រះបាទសូលឆ្លើយថា៖ «កាលខ្ញុំឃើញពលទាហានរត់គេចខ្លួនចេញឆ្ងាយពីខ្ញុំ រីឯលោកសោតក៏ពុំឃើញអញ្ជើញមកដូចកំណត់។ ខ្ញុំឃើញពួកភីលីស្ទីនប្រមូលផ្ដុំគ្នានៅមីកម៉ាស់
12. នោះខ្ញុំគិតថា “ពួកភីលីស្ទីននឹងចុះមកវាយខ្ញុំនៅគីលកាល់ជាមិនខាន តែខ្ញុំមិនបានទូលអង្វរព្រះអម្ចាស់”។ ដូច្នេះ ខ្ញុំក៏បង្ខំចិត្តថ្វាយតង្វាយដុតនេះទៅ»។
13. លោកសាំយូអែលទូលព្រះបាទសូលថា៖ «ព្រះករុណាបានប្រព្រឹត្ត ដោយឥតពិចារណា! គឺព្រះករុណាមិនធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា បានបង្គាប់មកទេ។ បើព្រះករុណាធ្វើតាមនោះ ម៉្លេះសមព្រះអម្ចាស់ពង្រឹងរាជ្យរបស់ព្រះករុណា ឲ្យនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រាអែលមិនខាន។
14. ឥឡូវនេះ រាជ្យរបស់ព្រះករុណាមិនអាចគង់វង្សឡើយ ព្រះអម្ចាស់ស្វែងរកមនុស្សម្នាក់ដែលគាប់ព្រះហឫទ័យព្រះអង្គ រួចតែងតាំងឲ្យធ្វើជាមេដឹកនាំលើប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះព្រះករុណាមិនបានធ្វើតាមបទបញ្ជា ដែលព្រះអម្ចាស់បានបង្គាប់មកទេ»។
15. លោកសាំយូអែលចាកចេញពីគីលកាល់ឆ្ពោះទៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ ព្រះបាទសូលរាប់ចំនួនទាហានដែលនៅជាមួយ ឃើញថាមានប្រហែលប្រាំមួយរយនាក់។
16. ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាបុត្រា ព្រមទាំងទាហានដែលនៅជាមួយ បោះទ័ពនៅភូមិកេបា ក្នុងស្រុកបេនយ៉ាមីន រីឯពួកភីលីស្ទីនបោះទ័ពនៅមីកម៉ាស់។
17. ពេលនោះ មានកងទ័ពស្រួចបីក្រុមចេញពីជំរំភីលីស្ទីន ក្រុមទីមួយសំដៅទៅក្រុងអូប្រា នៅស្រុកស៊ូអាល
18. ក្រុមទីពីរទៅតាមផ្លូវក្រុងបេតហូរ៉ូន និងក្រុមទីបីទៅតាមផ្លូវព្រំប្រទល់ ដែលចុះទៅច្រកភ្នំសេបោម ប៉ែកខាងវាលរហោស្ថាន។
19. នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូលគ្មានជាងដែកទេ ដ្បិតជនជាតិភីលីស្ទីនបានបញ្ជាថា៖ «មិនត្រូវឲ្យពួកហេប្រឺធ្វើដាវ ឬលំពែងឡើយ»។