4. ប្រជាជនអ៊ីស្រាអែលទាំងមូលទទួលដំណឹងថា ព្រះបាទសូលបានវាយទីតាំងទ័ពរបស់ជនជាតិភីលីស្ទីន ធ្វើឲ្យជនជាតិភីលីស្ទីនខឹងនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង។ ប្រជាជនក៏មកប្រមូលផ្ដុំគ្នាជុំវិញព្រះបាទសូល នៅគីលកាល់។
5. ជនជាតិភីលីស្ទីនប្រមូលទ័ពចេញមកច្បាំងតទល់នឹងជនជាតិអ៊ីស្រាអែល។ ពួកគេមានរទេះចំបាំងចំនួនបីម៉ឺនគ្រឿង មានទ័ពសេះប្រាំមួយពាន់ និងមានពលទាហានច្រើនកុះករ ដូចខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានលើកទ័ពមកបោះជំរំនៅមីកម៉ាស់ ខាងកើតបេតអាវេន។
6. កាលប្រជាជនអ៊ីស្រាអែលឃើញថាខ្លួនស្ថិតក្នុងភាពអាសន្ន ព្រោះទ័ពអ៊ីស្រាអែលត្រូវខ្មាំងឡោមព័ទ្ធជិតដូច្នេះ ពួកគេក៏នាំគ្នារត់ទៅពួននៅតាមរអាងភ្នំ តាមគុហា តាមក្រហែងថ្ម តាមរូងភ្នំ និងនៅតាមជ្រោះ។
7. មានជនជាតិហេប្រឺខ្លះឆ្លងទន្លេយ័រដាន់រត់ទៅស្រុកកាដ និងស្រុកកាឡាដ។ រីឯព្រះបាទសូលវិញ ទ្រង់គង់នៅគីលកាល់នៅឡើយ ហើយកងទ័ពទាំងប៉ុន្មានដែលនៅជាមួយស្ដេច ញ័ររន្ធត់យ៉ាងខ្លាំង។
8. ព្រះបាទសូលរង់ចាំជួបលោកសាំយូអែល អស់រយៈពេលប្រាំពីរថ្ងៃ តែមិនឃើញលោកអញ្ជើញមកគីលកាល់ ដូចបានកំណត់ទេ។ ពួកទាហានក៏នាំគ្នារត់គេចខ្លួន ចេញឆ្ងាយពីស្ដេច។
9. ព្រះបាទសូលមានរាជឱង្ការថា៖ «ចូរយកតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព មកឲ្យខ្ញុំ»។ ស្ដេចក៏ថ្វាយតង្វាយដុតទាំងមូលនោះទៅ។
10. នៅពេលស្ដេចថ្វាយតង្វាយដុតរួចស្រេចហើយ លោកសាំយូអែលអញ្ជើញមកដល់។ ព្រះបាទសូលក៏យាងទៅទទួល និងជម្រាបសួរលោក។