13. លោកសាំយូអែលទូលព្រះបាទសូលថា៖ «ព្រះករុណាបានប្រព្រឹត្ត ដោយឥតពិចារណា! គឺព្រះករុណាមិនធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា បានបង្គាប់មកទេ។ បើព្រះករុណាធ្វើតាមនោះ ម៉្លេះសមព្រះអម្ចាស់ពង្រឹងរាជ្យរបស់ព្រះករុណា ឲ្យនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រាអែលមិនខាន។
14. ឥឡូវនេះ រាជ្យរបស់ព្រះករុណាមិនអាចគង់វង្សឡើយ ព្រះអម្ចាស់ស្វែងរកមនុស្សម្នាក់ដែលគាប់ព្រះហឫទ័យព្រះអង្គ រួចតែងតាំងឲ្យធ្វើជាមេដឹកនាំលើប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះព្រះករុណាមិនបានធ្វើតាមបទបញ្ជា ដែលព្រះអម្ចាស់បានបង្គាប់មកទេ»។
15. លោកសាំយូអែលចាកចេញពីគីលកាល់ឆ្ពោះទៅភូមិគីបៀរ ក្នុងស្រុកបេនយ៉ាមីន។ ព្រះបាទសូលរាប់ចំនួនទាហានដែលនៅជាមួយ ឃើញថាមានប្រហែលប្រាំមួយរយនាក់។
16. ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាបុត្រា ព្រមទាំងទាហានដែលនៅជាមួយ បោះទ័ពនៅភូមិកេបា ក្នុងស្រុកបេនយ៉ាមីន រីឯពួកភីលីស្ទីនបោះទ័ពនៅមីកម៉ាស់។
17. ពេលនោះ មានកងទ័ពស្រួចបីក្រុមចេញពីជំរំភីលីស្ទីន ក្រុមទីមួយសំដៅទៅក្រុងអូប្រា នៅស្រុកស៊ូអាល
18. ក្រុមទីពីរទៅតាមផ្លូវក្រុងបេតហូរ៉ូន និងក្រុមទីបីទៅតាមផ្លូវព្រំប្រទល់ ដែលចុះទៅច្រកភ្នំសេបោម ប៉ែកខាងវាលរហោស្ថាន។
19. នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូលគ្មានជាងដែកទេ ដ្បិតជនជាតិភីលីស្ទីនបានបញ្ជាថា៖ «មិនត្រូវឲ្យពួកហេប្រឺធ្វើដាវ ឬលំពែងឡើយ»។
20. ដូច្នេះ ជនជាតិអ៊ីស្រាអែលគ្រប់ៗរូបតែងតែទៅរកជាងភីលីស្ទីន ដើម្បីច្រុងផាលនង្គ័ល ចប ពូថៅ ឬដឹង។
21. តម្លៃច្រុងផាលនង្គ័ល និងចប គឺពីរស្លឹង ហើយតម្លៃសំលៀងពូថៅ និងតម្រង់រនាស់ គឺមួយស្លឹង។
22. ហេតុនេះ នៅថ្ងៃប្រយុទ្ធ ក្នុងកងទ័ពអ៊ីស្រាអែល គ្មាននរណាមានដាវ ឬលំពែងទេ លើកលែងតែព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាបុត្រប៉ុណ្ណោះដែលមានអាវុធ។