6. លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ព្រះអម្ចាស់បានប្រើលោកម៉ូសេ និងលោកអើរ៉ុន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។
7. ឥឡូវនេះ ចូរបង្ហាញខ្លួនមក ខ្ញុំនឹងកាត់ក្ដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ខ្ញុំសូមរំឭកអ្នករាល់គ្នានូវអំពើដ៏សុចរិតទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។
8. ក្រោយពេលដែលលោកយ៉ាកុបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកព្រះអម្ចាស់។ ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។
9. ប៉ុន្តែ ពួកគេបានភ្លេចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្ដាប់ដៃរបស់ស្ដេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ។
10. ពេលនោះ ពួកគេស្រែកអង្វររកព្រះអម្ចាស់ ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល និងព្រះអាស្ដារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើព្រះអង្គវិញ”។
11. ព្រះអម្ចាស់ក៏ចាត់លោកយេរូបាល លោកបេដាន លោកយ៉ែបថា និងខ្ញុំ សាំយូអែល ឲ្យមក។ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដែលនៅជុំវិញ ហើយអ្នករាល់គ្នាក៏បានរស់នៅក្នុងស្រុកនេះប្រកបដោយសេចក្ដីសុខសាន្ត។
12. ពេលអ្នករាល់គ្នាឃើញព្រះបាទណាហាស ជាស្ដេចរបស់ជនជាតិអាំម៉ូន មកច្បាំងនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាទាមទារឲ្យខ្ញុំតែងតាំងស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា គឺអ្នករាល់គ្នាហាក់ដូចជាបដិសេធមិនទទួលព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់អ្នករាល់គ្នាទេ។
13. ដូច្នេះ នេះនែ៎ ស្ដេចដែលអ្នករាល់គ្នាបានជ្រើសរើស ស្ដេចដែលអ្នករាល់គ្នាសុំ! ព្រះអម្ចាស់ប្រទានស្ដេចនោះមកអ្នករាល់គ្នាហើយ!
14. ប្រសិនបើអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ប្រសិនបើអ្នករាល់គ្នាគោរពបម្រើព្រះអង្គ ប្រសិនបើអ្នករាល់គ្នាស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ដោយឥតប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ ហើយប្រសិនបើអ្នករាល់គ្នា និងស្ដេចដែលសោយរាជ្យលើអ្នករាល់គ្នា នៅតែដើរតាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខសប្បាយ។
15. ប៉ុន្តែ ប្រសិនអ្នករាល់គ្នាមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយបែរជាប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងដាក់ទោសអ្នករាល់គ្នា ដូចព្រះអង្គបានដាក់ទោសបុព្វបុរសរបស់អ្នករាល់គ្នាដែរ។
16. ឥឡូវនេះ ចូរបង្ហាញខ្លួនមក ហើយមើលការអស្ចារ្យមួយយ៉ាងធំ ដែលព្រះអម្ចាស់នឹងសម្តែងឲ្យអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែក។
17. ពេលនេះជារដូវចម្រូតមែន ឬទេ? ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ព្រះអង្គធ្វើឲ្យមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដោយសុំឲ្យមានស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា»។
18. លោកសាំយូអែលទូលអង្វរព្រះអម្ចាស់ ហើយនៅថ្ងៃដដែលនោះ ព្រះអង្គធ្វើឲ្យមានផ្គរ មានភ្លៀង។ ប្រជាជនទាំងមូលស្ញែងខ្លាចព្រះអម្ចាស់ និងលោកសាំយូអែលយ៉ាងខ្លាំង។
19. ប្រជាជនទាំងនោះជម្រាបលោកសាំយូអែលថា៖ «សូមលោកជួយអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក ក្នុងនាមយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំឲ្យមានស្ដេច»។
20. លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ! អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពីព្រះអម្ចាស់ គឺត្រូវគោរពបម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្ត។
21. កុំងាកចេញពីព្រះអង្គទៅគោរពព្រះក្លែងក្លាយឡើយ ព្រះទាំងនោះពុំអាចផ្ដល់ផលប្រយោជន៍ ឬជួយរំដោះអ្នករាល់គ្នាទេ ព្រោះសុទ្ធតែជាព្រះឥតបានការ។
22. ដោយយល់ដល់ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ព្រះអម្ចាស់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គទេ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។
23. ម្យ៉ាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះព្រះអម្ចាស់ ដោយឈប់ទូលអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។