19. ប្រជាជនទាំងនោះជម្រាបលោកសាំយូអែលថា៖ «សូមលោកជួយអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក ក្នុងនាមយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំឲ្យមានស្ដេច»។
20. លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ! អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពីព្រះអម្ចាស់ គឺត្រូវគោរពបម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្ត។
21. កុំងាកចេញពីព្រះអង្គទៅគោរពព្រះក្លែងក្លាយឡើយ ព្រះទាំងនោះពុំអាចផ្ដល់ផលប្រយោជន៍ ឬជួយរំដោះអ្នករាល់គ្នាទេ ព្រោះសុទ្ធតែជាព្រះឥតបានការ។
22. ដោយយល់ដល់ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ព្រះអម្ចាស់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គទេ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។
23. ម្យ៉ាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះព្រះអម្ចាស់ ដោយឈប់ទូលអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។
24. ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយបម្រើព្រះអង្គយ៉ាងស្មោះអស់ពីដួងចិត្ត។ ចូរពិចារណាមើលកិច្ចការដ៏ធំធេង ដែលព្រះអង្គបានធ្វើចំពោះអ្នករាល់គ្នា!