1. លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ខ្ញុំបានយល់ព្រមតាមសំណូមពរទាំងប៉ុន្មានរបស់អ្នករាល់គ្នាហើយ គឺខ្ញុំបានតែងតាំងស្ដេចមួយអង្គឲ្យសោយរាជ្យលើអ្នករាល់គ្នា។
2. អំណើះតទៅ ស្ដេចនោះនឹងដឹកនាំអ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំចាស់ជរាហើយ កូនប្រុសរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាដែរ។ ខ្ញុំបានដឹកនាំអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។
3. ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅចំពោះស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេកចុះ ថា តើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្ដោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។
4. ប្រជាជនស្រែកឡើងថា៖ «លោកមិនបានកេងប្រវ័ញ្ចសង្កត់សង្កិនយើងខ្ញុំ ឬក៏ទទួលសំណូកពីនរណាម្នាក់ឡើយ»។
5. លោកសាំយូអែលមានប្រសាសន៍ទៅពួកគេទៀតថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ធ្វើជាសាក្សី ហើយស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក ក៏ធ្វើជាសាក្សីដែរថា អ្នករាល់គ្នាគ្មានអ្វីចោទប្រកាន់ខ្ញុំទេ»។ ពួកគេស្រែកឡើងថា៖ «ពិតមែនហើយ យើងមានព្រះអង្គជាសាក្សី!»។
6. លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ព្រះអម្ចាស់បានប្រើលោកម៉ូសេ និងលោកអើរ៉ុន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។
7. ឥឡូវនេះ ចូរបង្ហាញខ្លួនមក ខ្ញុំនឹងកាត់ក្ដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ខ្ញុំសូមរំឭកអ្នករាល់គ្នានូវអំពើដ៏សុចរិតទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។
8. ក្រោយពេលដែលលោកយ៉ាកុបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកព្រះអម្ចាស់។ ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។