2. ព្រះបាទណាហាស ជាជនជាតិអាំម៉ូន មានរាជឱង្ការថា៖ «យើងចុះសន្ធិសញ្ញាជាមួយអ្នករាល់គ្នាបាន ទាល់តែអ្នករាល់គ្នាយល់ព្រមនឹងលក្ខខណ្ឌនេះ គឺឲ្យយើងខ្វេះភ្នែកស្ដាំរបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលត្រូវអាម៉ាស់»។
3. អស់លោកព្រឹទ្ធាចារ្យនៅក្រុងយ៉ាបេសទូលអង្វរថា៖ «សូមព្រះករុណាពន្យារពេលឲ្យយើងខ្ញុំប្រាំពីរថ្ងៃសិន យើងខ្ញុំនឹងចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែល។ បើសិនជាគ្មាននរណាម្នាក់មកជួយយើងខ្ញុំទេនោះ យើងខ្ញុំនឹងប្រគល់ខ្លួនថ្វាយព្រះករុណា»។
4. អ្នកនាំសារទាំងនោះទៅដល់ភូមិគីបៀរ ជាភូមិដែលព្រះបាទសូលគង់នៅ ហើយរៀបរាប់សេចក្ដីទាំងនោះឲ្យប្រជាជនស្ដាប់ ប្រជាជនទាំងមូលក៏នាំគ្នាស្រែកទ្រហោយំ។
5. គាប់ជួនពេលនោះ ព្រះបាទសូលវិលត្រឡប់មកពីចម្ការវិញ ដើរពីក្រោយគោ ស្ដេចសួរគេថា៖ «តើមានរឿងអ្វីបានជាប្រជាជនយំដូច្នេះ?»។ គេក៏រៀបរាប់សេចក្ដីទាំងប៉ុន្មាន ដែលអ្នកស្រុកយ៉ាបេសនិយាយប្រាប់។
6. កាលស្ដេចឮពាក្យទាំងនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើស្ដេច ហើយស្ដេចខ្ញាល់យ៉ាងខ្លាំង។
7. ព្រះបាទសូលយកគោមួយនឹមមកកាប់ជាដុំៗ ផ្ញើទៅគ្រប់ទីកន្លែងក្នុងទឹកដីអ៊ីស្រាអែល តាមរយៈពួកអ្នកនាំសារ ដោយផ្ដាំថា៖ «បើនរណាម្នាក់មិនចេញច្បាំងរួមជាមួយសូល និងលោកសាំយូអែលទេ គោរបស់អ្នកនោះនឹងត្រូវកាប់ជាដុំៗដូច្នេះដែរ»។ ព្រះអម្ចាស់បណ្ដាលឲ្យប្រជាជនភ័យខ្លាចព្រះអង្គ ពួកគេក៏ចេញទៅច្បាំង ដោយស្រុះគ្នាដូចមនុស្សតែម្នាក់។
8. ព្រះបាទសូលត្រួតពលនៅក្រុងបេសេក ហើយឃើញទ័ពអ៊ីស្រាអែលទាំងអស់មានចំនួន៣០០ ០០០នាក់ និងទ័ពយូដាមានចំនួន៣០ ០០០នាក់។