4. ពួកគេនឹងនាំគ្នាមកជម្រាបសួរលោក ហើយជូននំប៉័ងពីរដុំមកលោក។ លោកនឹងទទួលយកនំប៉័ងនោះពីដៃរបស់ពួកគេ។
5. បន្ទាប់មក លោកទៅដល់គីបា-អេឡូអ៊ីម ដែលមានទីតាំងទ័ពរបស់ពួកភីលីស្ទីន។ ពេលលោកចូលទៅក្នុងភូមិ លោកនឹងជួបពួកព្យាការីមួយក្រុម ដែលចុះពីកន្លែងសក្ការៈមក ទាំងមានអ្នកភ្លេងលេងចាប៉ី ស្គរ ខ្លុយ និងពិណ ដើរពីមុខផង ព្យាការីទាំងនោះស្លុងស្មារតី ស្រែកច្រៀង និងរាំថ្វាយព្រះជាម្ចាស់។
6. ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងមកសណ្ឋិតលើលោក លោកក៏ស្លុងស្មារតីស្រែកច្រៀង និងរាំជាមួយអ្នកទាំងនោះដែរ ហើយលោកនឹងប្រែក្លាយទៅជាបុគ្គលមួយរូបខុសពីមុន។
7. កាលណាលោកឃើញទីសម្គាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលលោកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយលោកហើយ។
8. បន្ទាប់មក លោកត្រូវចុះទៅគីលកាល់មុនខ្ញុំ ចំណែកឯខ្ញុំវិញ ខ្ញុំនឹងចុះទៅជួបលោកនៅទីនោះដែរ ដើម្បីថ្វាយតង្វាយដុតទាំងមូល* និងថ្វាយយញ្ញបូជាមេត្រីភាព*។ លោកត្រូវរង់ចាំខ្ញុំប្រាំពីរថ្ងៃ លុះត្រាតែខ្ញុំទៅដល់។ ពេលនោះ ខ្ញុំនឹងជម្រាបលោក អំពីកិច្ចការដែលលោកត្រូវធ្វើ»។
9. ពេលលោកសូលចាកចេញពីលោកសាំយូអែលទៅ ព្រះជាម្ចាស់ផ្លាស់ប្ដូរចិត្តគំនិតលោក ហើយទីសម្គាល់ទាំងប៉ុន្មានក៏កើតមាននៅថ្ងៃនោះដែរ។
10. កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ព្យាការីមួយក្រុមមកជួបលោក។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោក ហើយលោកស្លុងស្មារតីស្រែកច្រៀង និងរាំក្នុងចំណោមពួកព្យាការី។
11. អស់អ្នកដែលធ្លាប់ស្គាល់លោកសូល ឃើញលោកស្លុងស្មារតី ស្រែកច្រៀង និងរាំជាមួយពួកព្យាការី គេក៏សាកសួរគ្នាទៅវិញទៅមកថា «តើមានកើតអ្វីចំពោះកូនប្រុសលោកគីស? សូលចូលក្រុមព្យាការីដែរតើ!»។
12. មានអ្នកស្រុកម្នាក់ពោលឡើងថា៖ «តើគ្រូបាធ្យាយ របស់ពួកនេះនៅឯណា?»។ ហេតុនេះបានជាមានពាក្យស្លោកថា «សូលចូលក្រុមព្យាការីដែរតើ!»។
13. កាលលោកសូលដឹងស្មារតីឡើងវិញ លោកអញ្ជើញទៅកន្លែងសក្ការៈនៅទួលខ្ពស់។
14. ឪពុកមារបស់លោកសូលសួរលោក និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបលោកសាំយូអែល»។