21. បន្ទាប់មក លោកឲ្យកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកលោក តែរកពុំឃើញទេ។
22. គេក៏ចូលទៅទូលសួរព្រះអម្ចាស់ទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នុ៎ះន៎! គេកំពុងពួននៅក្បែរឥវ៉ាន់»។
23. គេរត់ទៅរកលោក នាំលោកចេញពីទីនោះមក លោកក៏ឈរនៅកណ្ដាលចំណោមប្រជាជន។ លោកមានកំពស់ខ្ពស់ជាងគេ គឺប្រជាជនទាំងអស់បានត្រឹមតែស្មារបស់លោកប៉ុណ្ណោះ។
24. លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលព្រះអម្ចាស់ជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកជយឃោសឡើងថា៖ «ជយោ! ព្រះមហាក្សត្រ!»។
25. លោកសាំយូអែលប្រកាសប្រាប់ឲ្យប្រជាជនដឹងអំពីសិទ្ធិរបស់ស្ដេច រួចលោកកត់ត្រាក្នុងក្រាំង ហើយតម្កល់ទុកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ បន្ទាប់មក លោកសាំយូអែលប្រាប់ឲ្យប្រជាជនទាំងអស់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។
26. ព្រះបាទសូលយាងត្រឡប់ទៅភូមិដ្ឋាននៅគីបៀរវិញ ដោយមានមនុស្សដ៏អង់អាចមួយក្រុម ដែលព្រះជាម្ចាស់បានបណ្ដាលចិត្ត ហែរហមទៅជាមួយផង។
27. ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយព្រះបាទសូល ហើយមិនបាននាំយកតង្វាយអ្វីមកថ្វាយស្ដេចទេ តែស្ដេចមិនរវីរវល់នឹងគេឡើយ។