19. ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលព្រះរបស់អ្នករាល់គ្នា គឺព្រះដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូលព្រះអង្គថា “សូមតែងតាំងស្ដេចមួយអង្គឲ្យសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធ តាមអំបូរឥឡូវនេះចុះ»។
20. លោកសាំយូអែលប្រាប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ឲ្យចូលមក ហើយចាប់ឆ្នោតប៉ះចំកុលសម្ព័ន្ធបេនយ៉ាមីន។
21. បន្ទាប់មក លោកឲ្យកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកលោក តែរកពុំឃើញទេ។
22. គេក៏ចូលទៅទូលសួរព្រះអម្ចាស់ទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នុ៎ះន៎! គេកំពុងពួននៅក្បែរឥវ៉ាន់»។
23. គេរត់ទៅរកលោក នាំលោកចេញពីទីនោះមក លោកក៏ឈរនៅកណ្ដាលចំណោមប្រជាជន។ លោកមានកំពស់ខ្ពស់ជាងគេ គឺប្រជាជនទាំងអស់បានត្រឹមតែស្មារបស់លោកប៉ុណ្ណោះ។
24. លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលព្រះអម្ចាស់ជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកជយឃោសឡើងថា៖ «ជយោ! ព្រះមហាក្សត្រ!»។