15. ឪពុកមារបស់លោកសូលពោលទៀតថា៖ «រៀបរាប់ប្រាប់មាមើល៍ លោកសាំយូអែលមានប្រសាសន៍ប្រាប់ពួកឯងអំពីអ្វីខ្លះ»។
16. លោកសូលតបទៅឪពុកមាវិញថា៖ «លោកបញ្ជាក់ប្រាប់ពួកខ្ញុំថា លាទាំងនោះ គេរកឃើញហើយ»។ លោកសូលមិនបានរៀបរាប់ប្រាប់ឪពុកមាអំពីរាជសម្បត្តិ ដែលលោកសាំយូអែលមានប្រសាសន៍នោះឡើយ។
17. លោកសាំយូអែលបានកោះហៅប្រជាជនមកប្រជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។
18. លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “អ៊ីស្រាអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្ដាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។
19. ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលព្រះរបស់អ្នករាល់គ្នា គឺព្រះដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូលព្រះអង្គថា “សូមតែងតាំងស្ដេចមួយអង្គឲ្យសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធ តាមអំបូរឥឡូវនេះចុះ»។
20. លោកសាំយូអែលប្រាប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ឲ្យចូលមក ហើយចាប់ឆ្នោតប៉ះចំកុលសម្ព័ន្ធបេនយ៉ាមីន។
21. បន្ទាប់មក លោកឲ្យកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកលោក តែរកពុំឃើញទេ។