1. លោកសាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចលោកឱបលោកសូល ទាំងមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បានចាក់ប្រេង*អភិសេកលោក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ព្រះអង្គ។
2. នៅថ្ងៃនេះ ពេលលោកចាកចេញពីខ្ញុំទៅ លោកនឹងជួបបុរសពីរនាក់ក្បែរផ្នូររបស់លោកស្រីរ៉ាជែល នៅព្រំប្រទល់ទឹកដីបេនយ៉ាមីន គឺនៅភូមិសេលសា។ អ្នកទាំងពីរនឹងជម្រាបលោកថា “លាញីដែលលោកដើររកនោះ គេបានរកឃើញវិញហើយ។ ឥឡូវនេះ ឪពុករបស់លោកឈប់គិតពីរឿងលា តែព្រួយបារម្ភពីលោកវិញ ដោយពោលថា: កូនខ្ញុំមិនដឹងជាយ៉ាងណាទេ តើឲ្យខ្ញុំធ្វើដូចម្ដេច?”។
3. ពេលលោកបន្តដំណើរទៅមុខបន្តិច លោកនឹងទៅដល់ដើមជ្រៃតាបោរ។ នៅទីនោះ លោកនឹងជួបបុរសបីនាក់ ដែលឡើងទៅទីសក្ការៈរបស់ព្រះជាម្ចាស់នៅបេតអែល។ អ្នកទីមួយដឹកកូនពពែបីក្បាល អ្នកទីពីរកាន់នំប៉័ងបីដុំ អ្នកទីបីកាន់ថង់ស្រា។
4. ពួកគេនឹងនាំគ្នាមកជម្រាបសួរលោក ហើយជូននំប៉័ងពីរដុំមកលោក។ លោកនឹងទទួលយកនំប៉័ងនោះពីដៃរបស់ពួកគេ។
5. បន្ទាប់មក លោកទៅដល់គីបា-អេឡូអ៊ីម ដែលមានទីតាំងទ័ពរបស់ពួកភីលីស្ទីន។ ពេលលោកចូលទៅក្នុងភូមិ លោកនឹងជួបពួកព្យាការីមួយក្រុម ដែលចុះពីកន្លែងសក្ការៈមក ទាំងមានអ្នកភ្លេងលេងចាប៉ី ស្គរ ខ្លុយ និងពិណ ដើរពីមុខផង ព្យាការីទាំងនោះស្លុងស្មារតី ស្រែកច្រៀង និងរាំថ្វាយព្រះជាម្ចាស់។
6. ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងមកសណ្ឋិតលើលោក លោកក៏ស្លុងស្មារតីស្រែកច្រៀង និងរាំជាមួយអ្នកទាំងនោះដែរ ហើយលោកនឹងប្រែក្លាយទៅជាបុគ្គលមួយរូបខុសពីមុន។
7. កាលណាលោកឃើញទីសម្គាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលលោកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយលោកហើយ។
8. បន្ទាប់មក លោកត្រូវចុះទៅគីលកាល់មុនខ្ញុំ ចំណែកឯខ្ញុំវិញ ខ្ញុំនឹងចុះទៅជួបលោកនៅទីនោះដែរ ដើម្បីថ្វាយតង្វាយដុតទាំងមូល* និងថ្វាយយញ្ញបូជាមេត្រីភាព*។ លោកត្រូវរង់ចាំខ្ញុំប្រាំពីរថ្ងៃ លុះត្រាតែខ្ញុំទៅដល់។ ពេលនោះ ខ្ញុំនឹងជម្រាបលោក អំពីកិច្ចការដែលលោកត្រូវធ្វើ»។
9. ពេលលោកសូលចាកចេញពីលោកសាំយូអែលទៅ ព្រះជាម្ចាស់ផ្លាស់ប្ដូរចិត្តគំនិតលោក ហើយទីសម្គាល់ទាំងប៉ុន្មានក៏កើតមាននៅថ្ងៃនោះដែរ។
10. កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ព្យាការីមួយក្រុមមកជួបលោក។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោក ហើយលោកស្លុងស្មារតីស្រែកច្រៀង និងរាំក្នុងចំណោមពួកព្យាការី។