7. នាងពេនីណាធ្វើបែបនេះជារៀងរាល់ឆ្នាំ គឺនៅពេលដែលនាងហាណាឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅស៊ីឡូ នាងពេនីណាតែងតែរុកគួននាងជានិច្ច ធ្វើឲ្យនាងហាណាយំ មិនព្រមបរិភោគអ្វីសោះ។
8. ពេលនោះ លោកអែលកាណាជាប្ដី សួរទៅនាងថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? ឬមួយខ្ញុំគ្មានតម្លៃស្មើនឹងកូនដប់នាក់ទេឬ?»។
9. ក្រោយពេលគេបរិភោគ និងផឹករួចហើយ នាងហាណាក្រោកឡើង ចូលទៅព្រះវិហារ នៅស៊ីឡូ។ ពេលនោះ លោកបូជាចារ្យអេលីអង្គុយនៅមាត់ទ្វារព្រះវិហារនៃព្រះអម្ចាស់។
10. នាងតូចចិត្តជាខ្លាំង ហើយអធិស្ឋានទៅរកព្រះអម្ចាស់ ទាំងយំហូរទឹកភ្នែករហាម។
11. នាងទូលអង្វរព្រះអង្គ ដោយសច្ចាថា៖ «ឱ! ព្រះអម្ចាស់នៃពិភពទាំងមូលអើយ! សូមទតមកខ្ញុំម្ចាស់ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំម្ចាស់ ហើយកុំបំភ្លេចខ្ញុំម្ចាស់ឡើយ។ ប្រសិនបើព្រះអង្គប្រោសប្រទានឲ្យខ្ញុំម្ចាស់មានកូនប្រុសមួយ ខ្ញុំម្ចាស់នឹងយកកូននោះមកថ្វាយព្រះអង្គ ដើម្បីឲ្យនៅបម្រើព្រះអង្គអស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
12. នាងហាណាអធិស្ឋានយ៉ាងយូរ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ពេលនោះ លោកអេលីសង្កេតមើលមាត់របស់នាង។
13. នាងអធិស្ឋានស្ងាត់ៗ ឃើញតែបបូរមាត់កំរើកតិចៗ ឥតមានឮសូរសំឡេងទេ។ ដូច្នេះ លោកអេលីនឹកស្មានថា នាងស្រវឹងស្រា។
14. លោកក៏ពោលទៅនាងថា៖ «តើនាងនៅស្រវឹងដល់អង្កាល់ទៀត ល្មមស្វាងហើយ!»។
15. នាងហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទានស្រា ឬគ្រឿងស្រវឹងណាទេ។ នាងខ្ញុំនៅទីនេះ ដើម្បីទូលព្រះអម្ចាស់ពីទុក្ខព្រួយរបស់នាងខ្ញុំ។
16. សូមកុំចាត់ទុកនាងខ្ញុំថាជាស្ត្រីអាក្រក់ឡើយ នាងខ្ញុំទូលថ្វាយព្រះអង្គយ៉ាងយូរដូច្នេះ ព្រោះនាងខ្ញុំឈឺចាប់ និងមានទុក្ខកង្វល់ហួសប្រមាណ»។