19. លោកអែលកាណា និងគ្រួសារគាត់ ក្រោកពីព្រលឹម ថ្វាយបង្គំព្រះអម្ចាស់ រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។លោកអែលកាណារួមរស់ជាមួយនាងហាណាជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។
20. នៅឆ្នាំនោះ នាងហាណាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូលសូមកូននេះពីព្រះអម្ចាស់»។
21. ក្រោយមក លោកអែលកាណា ជាប្ដី បាននាំគ្រួសាររបស់គាត់ទាំងអស់គ្នា យកយញ្ញបូជាប្រចាំឆ្នាំទៅថ្វាយព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។
22. ប៉ុន្តែ នាងហាណាពុំបានទៅជាមួយទេ ដ្បិតនាងបានប្រាប់ប្ដីថា៖ «នៅពេលកូនខ្ញុំផ្ដាច់ដោះ នោះខ្ញុំនឹងនាំវាទៅថ្វាយព្រះអម្ចាស់ ហើយទុកវានៅទីនោះរហូត»។
23. លោកអែលកាណាជាប្ដី តបវិញថា៖ «ចូរធ្វើតាមដែលនាងយល់ឃើញថាល្អចុះ។ ដូច្នេះ ចូរនៅជាមួយកូនរហូតដល់ពេលផ្ដាច់ដោះ ហើយសូមព្រះអម្ចាស់សម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ»។ នាងហាណាក៏នៅចាំផ្ទះ និងបំបៅកូន រហូតដល់ពេលផ្ដាច់ដោះ។
24. លុះនាងផ្ដាច់ដោះកូនហើយ នាងក៏នាំកូនឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់ នៅស៊ីឡូ ព្រមទាំងយកគោឈ្មោលមួយក្បាលអាយុបីឆ្នាំ ម្សៅមួយថាំង និងស្រាទំពាំងបាយជូរមួយថង់ស្បែកទៅជាមួយផង។ ពេលនោះ កុមារសាំយូអែលនៅក្មេងណាស់។
25. គេសម្លាប់គោនោះ ហើយនាំកុមារទៅជួបលោកអេលី។