15. នាងហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទានស្រា ឬគ្រឿងស្រវឹងណាទេ។ នាងខ្ញុំនៅទីនេះ ដើម្បីទូលព្រះអម្ចាស់ពីទុក្ខព្រួយរបស់នាងខ្ញុំ។
16. សូមកុំចាត់ទុកនាងខ្ញុំថាជាស្ត្រីអាក្រក់ឡើយ នាងខ្ញុំទូលថ្វាយព្រះអង្គយ៉ាងយូរដូច្នេះ ព្រោះនាងខ្ញុំឈឺចាប់ និងមានទុក្ខកង្វល់ហួសប្រមាណ»។
17. លោកអេលីមានប្រសាសន៍ទៅកាន់នាងថា៖ «សុំអញ្ជើញទៅដោយសុខសាន្ត! សូមព្រះនៃជនជាតិអ៊ីស្រាអែលប្រោសប្រទានឲ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។
18. នាងហាណាឆ្លើយថា៖ «សូមលោកម្ចាស់សម្តែងសេចក្ដីមេត្តាករុណាដល់នាងខ្ញុំផង!»។ បន្ទាប់មក នាងក៏ចេញទៅ ហើយបរិភោគម្ហូបអាហារ ព្រមទាំងមានទឹកមុខស្រស់បស់ឡើងវិញ។
19. លោកអែលកាណា និងគ្រួសារគាត់ ក្រោកពីព្រលឹម ថ្វាយបង្គំព្រះអម្ចាស់ រួចនាំគ្នាត្រឡប់ទៅផ្ទះរបស់គេនៅឯរ៉ាម៉ាវិញ។លោកអែលកាណារួមរស់ជាមួយនាងហាណាជាប្រពន្ធ ហើយព្រះអម្ចាស់ក៏នឹកឃើញនាង។
20. នៅឆ្នាំនោះ នាងហាណាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា «សាំយូអែល» ដ្បិតនាងពោលថា «ខ្ញុំបានទូលសូមកូននេះពីព្រះអម្ចាស់»។
21. ក្រោយមក លោកអែលកាណា ជាប្ដី បាននាំគ្រួសាររបស់គាត់ទាំងអស់គ្នា យកយញ្ញបូជាប្រចាំឆ្នាំទៅថ្វាយព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។