1. មានបុរសម្នាក់ឈ្មោះអែលកាណា រស់នៅភូមិរ៉ាម៉ាថែម-សូភីម ក្នុងតំបន់ភ្នំអេប្រាអ៊ីម គាត់ត្រូវជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកអេលីហ៊ូវ ជាចៅទួតរបស់លោកថូហ៊ូវ ហើយត្រូវជាចៅលួតរបស់លោកស៊ូភ ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម។
2. បុរសនោះមានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា និងម្នាក់ទៀតឈ្មោះពេនីណា។ នាងពេនីណាមានកូនច្រើន រីឯនាងហាណាវិញ នាងគ្មានកូនទេ។
3. រៀងរាល់ឆ្នាំ លោកអែលកាណាតែងតែធ្វើដំណើរពីភូមិរបស់គាត់ ទៅថ្វាយបង្គំព្រះអម្ចាស់នៃពិភពទាំងមូល*នៅស៊ីឡូ ព្រមទាំងថ្វាយយញ្ញបូជាទៀតផង។ នៅគ្រានោះ កូនប្រុសទាំងពីរនាក់របស់លោកអេលី គឺលោកហូបនី និងលោកភីនេហាស ធ្វើជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។
4. នៅថ្ងៃថ្វាយយញ្ញបូជា លោកអែលកាណាមានទម្លាប់យកសាច់ទៅឲ្យនាងពេនីណាជាប្រពន្ធ និងកូនប្រុស កូនស្រីទាំងអស់របស់នាង មួយចំណែកម្នាក់។
5. ប៉ុន្តែ ចំពោះនាងហាណាវិញ គាត់បានឲ្យមួយទ្វេជាពីរ ព្រោះគាត់ស្រឡាញ់នាងច្រើនជាង ទោះបីព្រះអម្ចាស់បានធ្វើឲ្យនាងទៅជាស្ត្រីអារក៏ដោយ។
6. នាងពេនីណា ជាគូវិវាទ តែងតែរុកគួនបញ្ឈឺចិត្តនាងហាណា ក្នុងគោលបំណងឲ្យនាងខឹងនឹងព្រះអម្ចាស់ ដែលបានធ្វើឲ្យនាងទៅជាស្ត្រីអារ។
7. នាងពេនីណាធ្វើបែបនេះជារៀងរាល់ឆ្នាំ គឺនៅពេលដែលនាងហាណាឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅស៊ីឡូ នាងពេនីណាតែងតែរុកគួននាងជានិច្ច ធ្វើឲ្យនាងហាណាយំ មិនព្រមបរិភោគអ្វីសោះ។