១ របាក្សត្រ 9:27-39 Khmer Standard Version (KHSV)

27. ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ពួក​គេ​មាន​ភារ‌កិច្ច​យាម​ព្រះ‌ដំណាក់ និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។

28. ពួក​លេវី​ខ្លះ​មាន​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់ គឺ​ពួក​គេ​ត្រូវ​រាប់​នៅ​ពេល​យក​ចេញ​មក​ប្រើ ហើយ​ពេល​យក​ទៅ​ទុក​វិញ ក៏​ត្រូវ​រាប់​ដែរ។

29. អ្នក​ខ្លះ​ទទួល​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ និង​គ្រឿង​សម្ភារៈ​នៅ​ក្នុង​ទី‌សក្ការៈ ព្រម​ទាំង​ម្សៅ​ម៉ដ្ត ស្រា​ទំពាំង‌បាយជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។

30. ពួក​បូជា‌ចារ្យ​ខ្លះ​ទទួល​បន្ទុក​ផ្នែក​ខាង​ផ្សំ​ប្រេង​ក្រអូប។

31. លោក​ម៉ាធិ‌ធា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជ‌ពង្ស​របស់​លោក​កូរេ មាន​ភារ‌កិច្ច​ធ្វើ​នំ​ដែល​ចំអិន​ដោយ​ប្រើ​ពុម្ព។

32. រីឯ​បង‌ប្អូន​របស់​ពួក​គេ​ពី​អំបូរ​កេ‌ហាត់ មាន​ភារ‌កិច្ច​ចាត់​ចែង​មើល​នំបុ័ង ដែល​ត្រូវ​រៀប​ថ្វាយ​ព្រះ‌អម្ចាស់ រៀង​រាល់​ថ្ងៃ​សប្ប័ទ*។

33. ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ព្រះ‌ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ពួក​គេ​ត្រូវ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។

34. នេះ​ហើយ​ជា​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។

35. រីឯ​លោក​យេហ៊ី‌អែល ជា​អ្នក​សង់​ក្រុង​គីបៀន រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់ ឈ្មោះ​ម៉ាកា។

36. កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល នើរ ណាដាប

37. កេដោរ អហ៊ី‌យ៉ូ សាកា‌រី និង​មីក‌ឡូត។

38. លោក​មីក‌ឡូត​ជា​ឪពុក​របស់​លោក​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​បង‌ប្អូន​របស់​គេ​ដែរ។

39. លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ី‌ណាដាប់ និង​អែស‌បាល។

១ របាក្សត្រ 9