21. លោកសាការីជាកូនរបស់លោកមសេលេមា ជាឆ្មាំទ្វារពន្លាជួបព្រះអម្ចាស់។
22. អស់អ្នកដែលគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយជំរឿនតាមភូមិរបស់ពួកគេ មានចំនួនទាំងអស់២១២នាក់។ ព្រះបាទដាវីឌ និងលោកសាំយូអែលជាគ្រូទាយ បានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។
23. ដូច្នេះ ពួកគេ និងកូនចៅរបស់ពួកគេ ក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាត់ទ្វារពន្លាជួបព្រះអង្គ។
24. មានពួកឆ្មាំទ្វារនៅទិសទាំងបួន គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង។
25. រីឯបងប្អូនរបស់ពួកគេដែលរស់នៅតាមភូមិនានា ត្រូវចូលមកជួយការងាររបស់ពួកគេយូរៗម្ដង ក្នុងអំឡុងពេលប្រាំពីរថ្ងៃ។
26. ពួកលេវីទាំងបួននាក់ ដែលជាមេលើពួកឆ្មាំទ្វារ នៅបំពេញការងាររបស់ខ្លួនជាប់រហូត។ លើសពីនោះ ពួកគេក៏មើលខុសត្រូវលើបន្ទប់ផ្សេងៗ និងទ្រព្យនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែរ។
27. ពេលយប់ ពួកគេស្នាក់នៅជុំវិញព្រះដំណាក់របស់ព្រះជាម្ចាស់ ដ្បិតពួកគេមានភារកិច្ចយាមព្រះដំណាក់ និងបើកទ្វាររៀងរាល់ព្រឹក។
28. ពួកលេវីខ្លះមានភារកិច្ចថែរក្សាគ្រឿងបរិក្ខារ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់ គឺពួកគេត្រូវរាប់នៅពេលយកចេញមកប្រើ ហើយពេលយកទៅទុកវិញ ក៏ត្រូវរាប់ដែរ។
29. អ្នកខ្លះទទួលភារកិច្ចថែរក្សាគ្រឿងបរិក្ខារឯទៀតៗ និងគ្រឿងសម្ភារៈនៅក្នុងទីសក្ការៈ ព្រមទាំងម្សៅម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង គ្រឿងក្រអូប និងប្រេងក្រអូបផ្សេងៗផង។
30. ពួកបូជាចារ្យខ្លះទទួលបន្ទុកផ្នែកខាងផ្សំប្រេងក្រអូប។
31. លោកម៉ាធិធាជាពួកលេវី ហើយជាកូនច្បងរបស់លោកសាលូម ក្នុងពូជពង្សរបស់លោកកូរេ មានភារកិច្ចធ្វើនំដែលចំអិនដោយប្រើពុម្ព។
32. រីឯបងប្អូនរបស់ពួកគេពីអំបូរកេហាត់ មានភារកិច្ចចាត់ចែងមើលនំបុ័ង ដែលត្រូវរៀបថ្វាយព្រះអម្ចាស់ រៀងរាល់ថ្ងៃសប្ប័ទ*។
33. ពួកអ្នកចម្រៀង ដែលសុទ្ធតែជាមេដឹកនាំក្រុមគ្រួសារលេវី អាស្រ័យនៅតាមបន្ទប់នានា ក្នុងព្រះដំណាក់។ ពួកគេមិនធ្វើការអ្វីផ្សេងទៀតឡើយ ដ្បិតពួកគេត្រូវបំពេញមុខងាររបស់ខ្លួនទាំងថ្ងៃ ទាំងយប់។
34. នេះហើយជាមេដឹកនាំរបស់ក្រុមគ្រួសារនៃកុលសម្ព័ន្ធលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។ អ្នកទាំងនោះរស់នៅក្នុងក្រុងយេរូសាឡឹម។
35. រីឯលោកយេហ៊ីអែល ជាអ្នកសង់ក្រុងគីបៀន រស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ ឈ្មោះម៉ាកា។
36. កូនរបស់គាត់មានអាប់ដូន ជាកូនច្បង បន្ទាប់មក ស៊ើរ គីស បាល នើរ ណាដាប