8. លោកបេឡាជាកូនរបស់លោកអសាស ជាចៅរបស់លោកសេម៉ា និងជាចៅទួតរបស់លោកយ៉ូអែល។កុលសម្ព័ន្ធរូបេនរស់នៅក្នុងតំបន់ ដែលគិតចាប់ពីក្រុងអារ៉ូអ៊ើរ រហូតដល់ក្រុងនេបូ និងបាល-មេយ៉ូន។
9. នៅទិសខាងកើត ពួកគេលាតសន្ធឹងចាប់តាំងពីទន្លេអឺប្រាត រហូតដល់វាលរហោស្ថាន ដ្បិតគេមានហ្វូងសត្វជាច្រើននៅស្រុកកាឡាដ។
10. នៅរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូល។
11. ពូជពង្សរបស់លោកកាដ រស់នៅក្បែរពូជពង្សរបស់រូបេន ក្នុងស្រុកបាសាន និងរហូតដល់សាលកា។
12. លោកយ៉ូអែលជាមេដឹកនាំរបស់ពួកគេ អ្នកបន្ទាប់គឺលោកសាផាម រួចហើយមានលោកយ៉ាណាយ និងលោកសាផាត់នៅស្រុកបាសាន។
13. បងប្អូនពួកគេប្រាំពីរនាក់ទៀតមានឈ្មោះតាមក្រុមគ្រួសារ ដូចតទៅ: គឺ មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ។
14. អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអប៊ីហែល។ លោកអប៊ីហែលជាកូនរបស់លោកហ៊ូរី លោកហ៊ូរីជាកូនរបស់លោកយ៉ារ៉ូអា លោកយ៉ារ៉ូអាជាកូនរបស់លោកកាឡាដ លោកកាឡាដជាកូនរបស់លោកមីកែល លោកមីកែលជាកូនរបស់លោកយេស៊ីសាយ លោកយេស៊ីសាយជាកូនរបស់លោកយ៉ាដោ លោកយ៉ាដោ ជាកូនរបស់លោកប៊ូស។
15. លោកអហ៊ីជាកូនរបស់លោកអ័បឌាល និងជាចៅរបស់លោកគូនី ជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។
16. អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។
17. អ្នកទាំងនោះមានឈ្មោះក្នុងបញ្ជីជំរឿនប្រជាជន នៅរជ្ជកាលព្រះបាទយ៉ូថាម ជាស្ដេចស្រុកយូដា និងរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែល។
18. កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល មានទាហានចំនួន៤៤ ៧៦០នាក់ ដែលអាចចេញទៅធ្វើសឹកសង្គ្រាមបាន ហើយសុទ្ធតែជាមនុស្សអង់អាចក្លាហាន ពូកែប្រើខែល ប្រើដាវ បាញ់ធ្នូ និងថ្នឹកខាងចំបាំង។
19. ពួកគេលើកគ្នាទៅច្បាំងនឹងជនជាតិហាការេន យេធើរ ណាភីស និងណូដាប់។
20. នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
21. ពួកគេរឹបអូសយកបានហ្វូងសត្វរបស់ខ្មាំង គឺមានអូដ្ឋ៥០ ០០០ ក្បាល ចៀម ២៥០ ០០០ ក្បាល និងលា២ ០០០ ក្បាល ព្រមទាំងចាប់បានមនុស្សមួយសែននាក់។